អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿងដ៏ល្បីរបស់ CMG កោតសរសើរវប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា ប្តេជ្ញាចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជាដល់ប្រជាជនចិន
16-07-2026 16:55
(ប៉េកាំង, ចិន)៖ នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារ ជាមួយលោក Zhou Chaoyong (ចូវ ឆាវយ៉ុង) អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បី នៃប៉ុស្តិ៍ខ្សែភាពយន្តឯកសារ របស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។
នាឱកាសជំនួបនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីវិស័យទេសចរណ៍កម្ពុជា ដល់ប្រជាជនចិន ជាពិសេសការផ្សព្វផ្សាយគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិនជាដើម។
ជាការឆ្លើយតប លោក Zhou Chaoyong បានសម្តែងការកោតសរសើរចំពោះវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កម្ពុជា ជាពិសេសតាមរយៈកំណត់ត្រារបស់អ្នកការទូត និងប្រវត្តិវិទូចិនដ៏ល្បី ជីវ តាខ្វាន់ (Zhou Daguan) ដែលមានស្រុកកំណើតដូចគ្នានឹងលោក។ លោកបានលើកឡើងថា លោកមានគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃវប្បធម៌ និងទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនចិន ដោយប្រើប្រាស់បទពិសោធន៍ដែលលោកបានសន្សំអស់រយៈពេលជាច្រើនឆ្នាំក្នុងវិស័យសារព័ត៌មាន និងភាពយន្ត។
ទន្ទឹមនឹងនេះ លោក Zhou Chaoyong ក៏បានប្តេជ្ញាចំណាយពេលវេលាចូលរួមចងក្រងឯកសារ អំពីប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ព្រមទាំងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជា-ចិន ដោយបន្តស្មារតីរបស់ ជីវ តាខ្វាន់ ក្នុងការណែនាំកម្ពុជាដល់ប្រជាជនចិន។ លោកជឿជាក់ថា ការផ្សព្វផ្សាយការពិតអំពីភាពស្រស់ស្អាត នៃវប្បធម៌ និងទេសចរណ៍កម្ពុជា នឹងរួមចំណែកប្រឆាំងនឹងព័ត៌មានមិនពិតពាក់ព័ន្ធនឹងបញ្ហា Online Scams នៅកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើម និងគម្រោងនានារបស់លោក Zhou Chaoyong ដោយបញ្ជាក់ថា ក្រសួងទេសចរណ៍ត្រៀមខ្លួនជាស្រេចក្នុងការសហការយ៉ាងពេញលេញជាមួយលោក ក៏ដូចជាជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដើម្បីរួមចំណែកជំរុញការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិនឱ្យកាន់តែទូលំទូលាយ៕







