FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន ប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយទេសចរណ៍រួមគ្នាកម្ពុជា-ចិន

16-07-2026 16:48

(ប៉េកាំង, ចិន)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខនៃរាជរដ្ឋាភិបាល, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោក Yang Xiaoyang ប្រធានសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន និងសហការី នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។

ជំនួបនេះធ្វើឡើង នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ។

នាឱកាសជំនួបនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនលោកប្រធានសមាគមអំពីសក្តានុពល និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ទាំងស្រុងនូវបញ្ហា Online Scams និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងជាប្រពៃណីដ៏រឹងមាំរវាងកម្ពុជា និងចិន ជាពិសេសការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ជាលទ្ធផល ភាគីទាំងសងខាងបានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍សិល្បៈទៅវិញទៅមក កិច្ចសហការ ការពារបេតិកភណ្ឌវប្បធម៌ ការជំរុញសិល្បៈភាពយន្ត វីដេអូ និងការច្នៃប្រឌិតវប្បធម៌ឌីជីថល ការអប់រំសិល្បៈ ការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងការអភិវឌ្ឍរួមបញ្ចូលគ្នារវាងវិស័យវប្បធម៌ និងទេសចរណ៍។

ទន្ទឹមនឹងនេះ សមាគមនឹងរៀបចំសំណើគម្រោងលម្អិតជូនក្រសួងទេសចរណ៍ និងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរសកម្មភាពវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ដើម្បីធានាការអនុវត្តផែនការសកម្មភាពទាំងនេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ភាគីទាំងពីរបានចាត់តាំងមន្ត្រីបង្គោល (Focal Point) ទៅវិញទៅមក ដើម្បីសម្របសម្រួលការងារ រៀបចំផែនការលម្អិត និងបន្តពិភាក្សាលើគម្រោងសហប្រតិបត្តិការនាពេលខាងមុខ។

គួរបញ្ជាក់ថា សមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន គឺជាស្ថាប័នជាតិមួយរបស់ប្រទេសចិន ដែលមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យវប្បធម៌ និងសិល្បៈ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសជាដៃគូជុំវិញពិភពលោក៕