អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញមន្ទីរព័ត៌មានខេត្តសៀមរាប បន្តផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ
16-07-2026 15:54
(សៀមរាប)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់មន្ទីរព័ត៌មានខេត្តសៀមរាប បន្តផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដើម្បីរួមចំណែកបង្កើតខែលការពារសុវត្ថិភាពព័ត៌មាន និងកសាងសង្គមមួយដែលមានទំនួលខុសត្រូវក្នុងការប្រើប្រាស់ព័ត៌មាន។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ទេព អស្នារិទ្ធ នៅក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងសមត្ថភាព និងវិជ្ជាជីវៈមន្ត្រីព័ត៌មាន ក្នុងការប្រមូល វិភាគ និងគ្រប់គ្រងព័ត៌មាន ព្រមទាំងការតាមដានសាធារណមតិ ឲ្យបានទាន់ពេលវេលា និងជំរុញយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២។
លោកបានបន្តថា ក្នុងយុគសម័យឌីជីថល ព័ត៌មានក្លែងក្លាយ បាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដែលទាមទារឲ្យមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ឲ្យបានច្បាស់លាស់មុននឹងធ្វើការផ្សព្វផ្សាយ។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបំពេញតួនាទីជាសេនាធិការ លើវិស័យព័ត៌មាន និងសាធារណមតិ ជាពិសេសការចងក្រងបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅថ្នាក់ស្រុក និងឃុំសង្កាត់។
លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខត្តទទួលបន្ទុករួម បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រុមការងារបានអនុវត្តការងារប្រមូលព័ត៌មានវិជ្ជមានបានចំនួន ២,៤៦២ករណី និងដំណឹងរសើបចំនួន៤៦៣ករណី។ ក្នុងនោះក្រុមការងារបានធ្វើការផ្សព្វផ្សាយឆ្លើយតប បកស្រាយ បំភ្លឺព័ត៌មានអវិជ្ជមាន និងដំណឹងរសើបបានចំនួន៤៨ករណី និងសហការជាមួយរដ្ឋបាលខេត្ត រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចការព័ត៌មាន និងសាធារណមតិ» ជូនដល់មន្ត្រីបង្គោលក្រុងស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពក្នុងខេត្ត ចំនួន៣២៧រូបផងដែរ៕














