FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ អំពាវនាវប្រជាពលរដ្ឋ និងមន្ដ្រីរាជការ រួមគ្នាដាំដើមឈើ និងថែរក្សាព្រៃឈើ

16-07-2026 15:45

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ មន្ដ្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ សូមនាំគ្នាចូលរួមដាំដើមឈើនៅតាមលំនៅដ្ឋាន និងទីសាធារណៈឲ្យបានច្រើន និងរួមគ្នាថែរក្សាព្រៃឈើ ដើម្បីបន្សល់ទុកបរិស្ថានស្រស់ស្អាត និងប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ។

នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីរុក្ខទិវា ៩កក្កដា ដែលប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅរង្វង់មូលអូចំបក់ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ លោក វ៉ី សំណាង បានចាត់ទុកការដាំដើមឈើ ការចូលរួមថែរក្សាព្រៃឈើ គឺជាការរួមចំណែកការពារបរិស្ថាន កាត់បន្ថយគ្រោះធម្មជាតិ ដូចជាព្យុះ ទឹកជំនន់ និងការបាក់ស្រុតដី ព្រមទាំងផ្តល់អនុផលព្រៃឈើ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

លោកអភិបាលខេត្តតាកែវ បានបន្ដថា ការដាំដើមឈើ ការថែរក្សា និងអភិរក្សព្រៃឈើ មិនមែនជាភារកិច្ចរបស់អាជ្ញាធតែម្នាក់ឯង ឬស្ថាប័នណាមួយប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីចូលរួមដាំដើមឈើនៅជុំវិញផ្ទះ រក្សាបរិស្ថានបៃតង ដែលរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នាពេលអនាគតថែមទៀតផង។

លោក វ៉ី សំណាង បានលើកឡើងផងដែរ ការដាំដើមឈើតាមលំនៅដ្ឋាន និងតាមរមណីយដ្ឋាននានាក្នុងខេត្តតាកែវ នឹងក្លាយជាតំបន់ទេសចរណ៍ ដែលមានសោភ័ណភាពបៃតងស្រស់បំព្រង ដែលលម្អដោយដើមឈើផ្ការីកគ្រប់រដូវ ហើយនាំទៅដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកចូលលេងកម្សាន្តក្នុងខេត្តតាកែវកាន់តែច្រើនឡើងថែមទៀត។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានលើកឡើងថា ដើម្បីអបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តតាកែវ បានរៀបចំដាំដើមឈើប្រភេទ ក្ងោក ត្របែកព្រៃ ច័ន្ទគីរី និងគីនីន សរុបចំនួន៩២០ដើម ដែលដាំដើមក្ងោកនៅអមសងខាងផ្លូវជាតិលេខ២ (វត្តអង្គមេត្រី ទៅដល់ខ្លោងទ្វារវត្តសូរ្យចន្ទ) ប្រវែង១៣,៧០០ម៉ែត្រ ចំនួន៥៦០ដើម ដាំដើមចន្ទគិរីនៅផ្លូវវាងក្រុងប្រវែង២,៨០០ម៉ែត្រ ចំនួន២៧៥ដើម ដាំត្របែកព្រៃនៅផ្លូវជាតិលេខ២២ (រង្វង់មូលអូចំបក់ទៅ ដល់ផ្លូវរថភ្លើង) ប្រវែង៧៧០ម៉ែត្រ ចំនួន៥០ដើម និងដាំដើមគីនីន នៅក្បែរវេទិកា ចំនួន៣៥ដើម និងបន្តធ្វើការដាំដើមឈើនៅតាមបណ្តាផ្លូវក្នុងក្រុងបន្ថែមទៀត៕