FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រៀបចំសិក្ខាសាលាផ្សព្វផ្សាយយស្តីពីកិច្ចការព្រំដែន នៅខេត្តរតនគិរី

16-07-2026 15:36

(រតនគិរី)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សហការជាមួយរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយយស្តីពីកិច្ចការព្រំដែន ក្រោមអធិបតីភាពលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ក្នុងនោះក៏មានការចូលរួមពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងវត្តមានសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត,លោកប្រធានសាលាដំបូងខេត្ត, លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, មន្ទីរជំនាញនានា, អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលខេត្ត, គណៈអភិបាលស្រុក-ឃុំ ដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង, យុវជនកាយរិទ្ធិ, យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក សិស្ស និងនិស្សិត។

លោក ញ៉ែម សំអឿន បានលើកឡើងថា សិក្ខាសាលានាពេលនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីស្ថានភាព និងវឌ្ឍនភាព នៃកិច្ចការព្រំដែន ព្រមទាំងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសិក្សា ផ្លាស់ប្តូរបទពិសោធន៍ លើប្រធានបទពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់ការចូលរួមថែរក្សា និងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការធ្វើបាឋកថា និងការចែករំលែកបទពិសោធន៍ ពីសំណាក់លោករដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង បទពិសោធន៍ និងព័ត៌មានថ្មីៗ ដែលមានប្រយោជន៍សម្រាប់យកទៅអនុវត្តក្នុងការងារ និងផ្សព្វផ្សាយបន្តប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឲ្យបញ្ហាព្រំដែន មិនត្រូវបានអ្នកនយោបាយ ឬជនឆ្លៀតឱកាសយកធ្វើជាប្រធានបទ សម្រាប់ឃោសនាប៉ុនប៉ងផ្តួលរំលំ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើរាជរដ្ឋាភិបាលកម្ពុជាឡើយ។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ឡាំ ជា បានលើកឡើងចំណុចសំខាន់ៗ មួយចំនួន ដូចជា៖ ទី១៖ការរំលឹកប្រវត្តិសាស្ត្រខ្មែរ នៃសម័យកាលនីមួយៗ ពាក់ព័ន្ធនឹងការវិវត្តទឹកដី, ទី២៖ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា ជាមួយប្រទេសជិតខាង, ទី៣៖ យុទ្ធសាស្ត្រការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់រាជរដ្ឋាភិបាល និងទី៤៖ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា ជាមួយប្រទេសជិតខាង។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់លើកិច្ចការព្រំដែន ដែលជាកិច្ចការដ៏មានសារៈសំខាន់ និងអាទិភាពបំផុតជាអាយុជិវិតរបស់ជាតិដែលរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឲ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។

លោក ឡាំ ជា បានបន្តថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាការពារសមិទ្ធផលជាប្រវត្តិសាស្ត្រ ពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយ ប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕