អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការចុះហត្ថលេខាលើពិធីសារនាំចេញខ្នុរស្រស់ពីកម្ពុជាទៅចិន ជួយបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលក្នុងខ្សែច្រវាក់តម្លៃទាំងមូល
16-07-2026 15:31
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថាការចុះហត្ថលេខាលើពិធីសារនាំចេញខ្នុរស្រស់ពីកម្ពុជាទៅចិន បានផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយ ដល់ប្រជាកសិករដាំដុះដំណាំខ្នុរ ពិសេសជួយបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលក្នុងខ្សែច្រវាក់តម្លៃទាំងមូល។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ កម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញ ផ្លែខ្នុរពីកម្ពុជាទៅកាន់ទីផ្សារចិន នៅឯសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះរៀបចំឡើងក្នុងជំនួបទ្វេភាគីរវាង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងលោកស្រីរដ្ឋមន្ត្រី Sun Meijun អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា ការចុះហត្ថលេខាលើពិធីសារ គឺជាជំហានដំបូងដើម្បីឈានទៅដល់ការនាំចេញផ្លែខ្នុរស្រស់ជាផ្លូវការ ប៉ុន្តែនៅមានជំហានមួយចំនួនបន្ថែមទៀត ទើបអាចចាប់ផ្ដើមដំណើរការនាំចេញបាន ដោយក្នុងនោះមានដូចជា៖
*ការចុះបញ្ជី និងការអនុម័តយល់ព្រម លើចម្ការខ្នុរ និងរោងចក្រវេចខ្ចប់ ដោយស្ថាប័នជំនាញនៃប្រទេសទាំងពីរ។
*ប្រព័ន្ធស្វែងរកប្រភពដើម (Traceability) ការគ្រប់គ្រងគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យផ្សេងៗ ត្រូវបានបំពេញរួចរាល់ និងពេញលេញ។
*បញ្ជីឈ្មោះចម្ការខ្នុរ និងរោងចក្រវេចខ្ចប់ ដែលទទួលបានការអនុម័ត ត្រូវបានផ្សព្វផ្សាយជាផ្លូវការដោយភាគីចិន (ឬ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន - GACC)។ល។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «ចំពោះកាលបរិច្ឆេទនៃការនាំចេញជាផ្លូវការលើកដំបូង គឺអាស្រ័យលើការបំពេញនីតិវិធីទាំងនេះ។ នៅដំណាក់កាលដំបូង ការនាំចេញនឹងត្រូវធ្វើឡើងជាបណ្តើរៗ មុននឹងពង្រីកបរិមាណនៅពេលមានសហគ្រាស និងចំនួនចម្ការខ្នុរកាន់តែច្រើនទទួលបានការអនុម័ត ព្រមទាំងមានការកើនឡើងនៃបរិមាណផលិតកម្មដែលស្របតាមស្តង់ដារតម្រូវនៃការនាំចេញ»។
យោងតាមទិន្នន័យរបស់ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៥ កម្ពុជាមានផ្ទៃដីដាំដុះដំណាំខ្នុរចំនួន ៣,៧៧៨ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣,២៩០ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ៥៦,៤៦៧តោន។ ដំណាំខ្នុរត្រូវបានដាំដុះច្រើននៅក្នុងបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពត តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងខេត្តមួយចំនួនទៀត។
អ្នកនាំរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងរំពឹង ថាការបើកទីផ្សារនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់ប្រជាកសិករដាំដុះដំណាំខ្នុរ សហគមន៍កសិកម្ម រោងចក្រវេចខ្ចប់ អ្នកប្រមូលទិញ ក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារ ព្រមទាំងជួយបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលក្នុងខ្សែច្រវាក់តម្លៃទាំងមូល»។
លោក ឃឹម ហ្វីណង់ បានបន្តទៀតថា ជារួម ការចុះហត្ថលេខាលើពិធីសារនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រីកទីផ្សារនាំចេញកសិផលកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន និងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់វិស័យកសិកម្មកម្ពុជា នាពេលអនាគត៕




