មន្ទីរសុខាភិបាលខេត្តកោះកុង ផ្សព្វផ្សាយអប់រំដាក់ថ្នាំអាបែត និងបាញ់ថ្នាំ ដើម្បីកម្ចាត់ជម្រកមូសខ្លា ក្នុងក្រុងខេមរភូមិន្ទ
16-07-2026 15:18
(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង បានសហការជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ រួមទាំងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានចុះធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមសហការកម្ចាត់ជម្រកមូសខ្លា ក្នុងការលុបបំបាត់ជំងឺគ្រុនឈាម ដែលកំពុងមានហានិភ័យខ្ពស់។
លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺគ្រុនឈាម ដែលកំពុងមានអត្រាខ្ពស់ ដែលធ្វើឲ្យមានហានិភ័យដែលបង្កឡើងដោយមូសខ្លាញី ដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ ថ្ងៃនេះមន្ទីរសុខាភិបាលខេត្ត មានកិត្តិយសបានចុះមកធ្វើការផ្សព្វផ្សាយអប់រំ ដើម្បីលុបបំបាត់ជម្រកមូសខ្លា។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្តថា ថ្ងៃនេះមន្ត្រីសុខាភិបាល បានចុះធ្វើការផ្សព្វផ្សាយអប់រំ និងបានដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូស ដើម្បីកំចាត់ជម្រកមូសខ្លាដែលកំពុងលាក់ខ្លួននៅតាមគន្លប់ទឹក ឬពាងទឹក ហើយដើម្បីកម្ចាត់ជម្រកមូសខ្លាសូមប្រជាពលរដ្ឋរស់នៅតាមូលដ្ឋាន ត្រូវសម្អាតថែរក្សាអនាម័យបរិស្ថានជុំវិញលំនៅដ្ឋានរបស់ខ្លួនឲ្យបានស្អាត ជាពិសេសកន្លែងទឹកដក់ លាងពាងឲ្យបានស្អាត ហើយជាពិសេសត្រូវគេងក្នុងម៉ុង ពាក់អាវខោវែង ដើម្បីការពារកំុឲ្យមូសខ្លាញីខាំ នេះក៏ជាវិធីការពារក្នុងលក្ខណៈគ្រួសារផងដែរ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការចុះអប់រំដាក់ថ្នាំអាបែត និងបាញ់ថ្នាំដើម្បីកម្ចាត់ជម្រកមូសខ្លា មានគោលដៅចំនួន២សង្កាត់ គឺ សង្កាត់ស្មាច់មានជ័យ និងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ក្នុងក្រុមការងារ បានដាក់ថ្នាំអាបែតជូនគាត់ និងបាញ់ថ្នាំតាមលំនៅដ្ឋានគាត់ផងដែរ ហើយចែកថ្នាំអាបែតឲ្យគាត់បន្ថែទៀតផងដែរ។
លោកបានបញ្ជាក់ថា បើបងប្អូនណាមានកូនចៅក្តៅខ្លួនរយៈពេល២ ៣ថ្ងៃ កំដៅខុសពីប្រក្រតី ត្រូវប្រញាប់បញ្ជូនកូនមកមន្ទីរពេទ្យដើម្បីពិភាក្សា និងពិគ្រោះពិគ្រោះយោបល់ ជាមួយក្រុមគ្រូពេទ្យ ដើម្បីស្វែងរកជំងឺគ្រុនឈាម នេះធ្វើឲ្យមានហានិភ័យខ្ពស់។ សូមប្រជាពលរដ្ឋកុំបញ្ជូនកូនចៅគ្លីនិកឯកជនឲ្យសោះ ហើយលោកអំពាវនាវដល់ម្ចាស់គ្លីនិកហាមព្យាបាលជំងឺគ្រុនឈាម ពោលត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់៕











