FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថវិកាដែលទទួលបានពីការលក់សំបុត្រព្រឹត្តិការណ៍ប្រគុំតន្ត្រីសប្បុរសធម៌ «បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» ត្រូវប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាទាំងអស់ (Video inside)

16-07-2026 15:13

(ភ្នំពេញ)៖ លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា រាល់ថវិកាទាំងអស់ដែលយើងទទួលបានពីការលក់សំបុត្រ ចូលទស្សនាការប្រគុំតន្ត្រីនេះ នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា១០០% ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ហើយរាល់ការចំណាយកម្មវិធីផ្សេងៗ មិនពាក់ព័ន្ធថវិការនៃការលក់សំបុត្រនេះទេ។

នេះបើយោងតាមការលើកឡើងរបស់លោក នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការប្រគុំតន្ត្រីសប្បុរសធម៌ «បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជាបន្ថែមថា ការប្រគុំតន្ត្រីសប្បុរសធម៌ «បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នឹងប្រារព្ធឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីរួមចំណែកគាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់ទារក និងកុមារកម្ពុជា និងលើកទឹកចិត្តស្មារតីសប្បុរសធម៌តាមរយៈតន្ត្រី។ រាល់ថវិកាដែលបានពីការលក់សំបុត្រចូលទស្សនាការប្រគុំតន្ត្រីសប្បុរសធម៌នេះ នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

ជាមួយគ្នានេះ លោក ឃាន តួក ក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ នឹងចូលរួមទិញសំបុត្រចូលទស្សនាការប្រគុំតន្ត្រីសប្បុរសធម៌ «បេះដូងមួយ សំនៀងមួយ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា» មានតម្លៃ ២០,០០០រៀល ដោយអាចបញ្ជាទិញតាមតេលេក្រាម Mini App៖ https://t.me/NationalSportsComplexBot/home

សូមបញ្ជាក់ជូនថា ការប្រគុំតន្រ្តីសប្បុរសធម៌នេះ នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៥:០០ នាទីល្ងាច នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ៕