FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្អែកនេះ! ក្រសួងការងារ នឹងបើកវេទិកាការងារនៅខេត្តបាត់ដំបង ផ្តល់ឱកាសការងារជាង ៩ម៉ឺនកន្លែង

16-07-2026 15:02

(បាត់ដំបង)៖ ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបើកវេទិកាការងារនៅខេត្តបាត់ដំបង ដោយនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនបងប្អូនអតីតពលករ យុវជន និងប្រជាជនមូលដ្ឋាននៅទី ១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកានេះ នឹងរៀបចំនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតក្នុងបរិវេណសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងនៅថ្ងៃទី១៨ ខែកក្កដា នៅបរិវេណសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។

បន្ថែមពីនេះ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ក្នុងវេទិកាការងារនេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៩ម៉ឺន ៣ពាន់កន្លែង ជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះ អ្នកចូលរួមនឹងទទួលបានអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃ ហើយអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ៕