លោក ឆាយ ឫទ្ធិសែន អនុញ្ញាតឱ្យនាយិកាស្តីទីអង្គការទស្សនៈពិភពលោកអន្តរជាតិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
16-07-2026 15:01
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រីវេជ្ជបណ្ឌិត Than Thi Ha នាយិកាស្តីទីអង្គការទស្សនៈពិភពលោកអន្តរជាតិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកទស្សនកិច្ចនៅក្រសួងអភិវឌ្ឍន៍ជនបទ របស់លោកស្រី និងសហការីនាឱកាសនេះ។ លោករដ្ឋមន្ត្រី ក៏បានថ្លែងការអបអរសាទរចំពោះលោកស្រី ដែលទើបទទួលភារកិច្ចថ្មី ជានាយិកាស្តីទីអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅប្រទេសកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលប្រសូតចេញការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
លោករដ្ឋមន្ត្រី បានបន្តលើកឡើងទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដែលមានគោលដៅចម្បងចំនួន៤ និងយុទ្ធសាស្ត្រសំខាន់ៗចំនួន៥។
លោកស្រីវេជ្ជបណ្ឌិត Than Thi Ha នាយិកាស្តីទីអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍លោកស្រី និងសហការីយ៉ាងកក់ក្តៅ។ លោកស្រីបន្តលើកឡើងថា អង្គការទស្សនៈពិភពលោក បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំរបស់ខ្លួន (២០២៣-២០២៧) ដោយផ្តោតលើសុខុមាលភាពកុមារនៅកម្ពុជា ហើយថ្មីៗនេះអង្គការក៏បានដាក់ចេញនូវផែនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឆ្នាំ២០២៦-២០៣០ ក្នុងគោលបំណងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាសម្រេចបានការទទួលបានសេវាទឹកស្អាត និងលើកកម្ពស់អនាម័យជាសកល ប្រកបដោយភាពធន់ សុវត្ថិភាព និងចីរភាព។ អង្គការទស្សនៈពិភពលោកជាដៃគូយ៉ាងសកម្មចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជាច្រើន ជូនដល់ប្រជាជនជនបទ ជនភៀសសឹក ជាពិសេសសម្រាប់ស្ត្រី និងកុមារផងដែរ។
លោកស្រីនាយិកាស្តីទីក៏បានស្នើសុំអនុសាសន៍ដឹកនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តប្រចាំអាណត្តិបន្ត ដើម្បីបន្ស៊ីធ្វើយ៉ាងណាឱ្យស្របជាមួយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្ររបស់ ក្រសួងអភិវឌ្ឍន៍ជនបទ។ លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងដែលបានបន្តកិច្ចសហប្រតិបត្តិការជាមួយ អង្គការទស្សនៈពិភពលោកនៅកម្ពុជា និងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានភាពជិតស្និត និងរឹងមាំបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គការ និងភាពជាដៃគូដ៏ល្អ ក្នុងកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទនាពេលកន្លងមក។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះលោកស្រីនាយិកា និងសហការី ដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទ ពិសេសការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទ ដែលធ្វើឱ្យក្រសួងអាចសម្រេចបានគោលដៅ «ប្រជាពលរដ្ឋរស់នៅតំបន់ជនបទមានទឹកស្អាតប្រើប្រាស់ ១០០% នៅឆ្នាំ ២០៣០»៕




























