ក្រុមហ៊ុន Beijing Star AI របស់ចិន មានបំណងស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI នៅកម្ពុជា
16-07-2026 14:10
(ចិន)៖ ក្រុមហ៊ុន Beijing Star AI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា AI ដ៏ធំមួយរបស់ចិន បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI នៅកម្ពុជា។
បំណងនេះ ត្រូវបានស្តែងឡើងនៅក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុន Beijing Star AI ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI (AI-Generated Content – AIGC)។ បន្ថែមលើនេះ ក្រុមហ៊ុនក៏ជាស្ថាប័នដំបូងគេនៅលើពិភពលោក ដែលបានកសាងសហគមន៍បង្កើតវីដេអូ AIGC ពេញលេញក្នុងកន្លែងតែមួយ (One-Stop Community) ព្រមទាំងបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការនូវប្រព័ន្ធ AI Agent ក្នុងកម្រិតភាពយន្តដំបូងគេបង្អស់នៅលើសកលលោក។
លោកប្រធានក្រុមហ៊ុនក៏បានជម្រាបសម្ដេចមហាបវរធិបតី អំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យអាជីវកម្មស្នូលចំនួន៤រួមមាន៖ មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន (ASEAN Regional Intelligent Computing Center), មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត (Film-Grade AI Agent R&D Center), មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន (Cross-border AI Short Drama Distribution Center), និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន (ASEAN Digital Commerce Operation Center)។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យា AI នៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យាជាអាទិភាពគន្លឹះមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា។
សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សា និងចាប់យកកាលានុវត្តភាពវិនិយោគជាក់ស្តែងនៅកម្ពុជា៕









