ក្រុមហ៊ុនចិន បង្ហាញបំណងដំឡើងរោងចក្រ ផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ នៅកម្ពុជា (Video inside)
16-07-2026 14:02
(ចិន)៖ ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ដែលជាក្រុមហ៊៊ុនផលិតសម្ភារអនាម័យ និងវាយនភណ្ឌ បង្ហាញបំណងវិនិយោគដំឡើងរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះនៅកម្ពុជា។
បំណងនេះត្រូវបានស្តែងឡើងនៅក្នុងជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោក Fu Laifa បានជម្រាបសម្ដេចមហាបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនជាសហគ្រាសកម្មន្តសាលឈានមុខមួយ ក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមមាន៖ ថ្នាំសម្លាប់សត្វល្អិត,សាប៊ូបោកខោអាវ, ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយជាច្រើនប្រភេទទៀត។
លោក Fu Laifa បានជម្រាបសម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា ដោយមើលឃើញពីសក្កានុពលដ៏រឹងមាំរបស់កម្ពុជា ក្រុមហ៊ុនមានបំណងបោះទុនវិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាជំរុញលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលទាំងស្រុងពីក្រៅប្រទេស ដែលការណ៍នេះ គឺស្របគ្នាទៅនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគលើការបង្កើតខ្សែច្រវាក់ផលិតកម្មសម្ភារប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ លើសពីនេះទៅទៀត ប្រសិនបើគម្រោងវិនិយោគនេះទទួលបានជោគជ័យ និងរីកចម្រើន ក្រុមហ៊ុនមិនត្រឹមតែអាចឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជានោះទេ ប៉ុន្តែថែមទាំងអាចឈានទៅដល់ការនាំចេញផលិតផលសម្រេចរបស់ខ្លួនទៅកាន់ទីផ្សារបណ្ដាប្រទេសនានាក្នុងតំបន់ថែមទៀតផង។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីប្រែក្លាយបំណងវិនិយោគនេះឱ្យលេចចេញជារូបរាងជាក់ស្ដែងនៅកម្ពុជា៕
