ក្រុមហ៊ុន Yuanda Group មានបំណងស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា (Video inside)
16-07-2026 13:45
(ចិន)៖ ក្រុមហ៊ុន Yuanda Group របស់ចិន បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
បំណងនេះ ត្រូវបានស្តែងឡើង ក្នុងឱកាសដែលលោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោកនាយកក្រុមហ៊ុន បានជម្រាបសម្ដេចមហាបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុន មានភាពជាដៃគូរយៈពេលវែងជាមួយភ្នាក់ងាររាជរដ្ឋាភិបាល, សហគ្រាសរដ្ឋ ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនានា ទាំងនៅក្នុងប្រទេសចិន និងនៅក្រៅប្រទេស។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតការយកចិត្តទុកដាក់លើការវិនិយោគក្នុងវិស័យសំខាន់ៗ រួមមាន៖វិស័យអប់រំ,កសិកម្ម, កម្មន្តសាល និងវិស័យបច្ចេកវិទ្យាឌីជីថល។
លោកនាយកក្រុមហ៊ុន ក៏បានគូសបញ្ជាក់បន្ថែមថា ដោយសម្លឹងឃើញពីសក្ដានុពលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យអប់រំ, កសិកម្ម និងបច្ចេកវិទ្យាឌីជីថល។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ដែរថា វិស័យទាំង៣នេះ ដែលរួមមាន៖ វិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យា ជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយ ព្រមទាំងយន្តការចាំបាច់នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទាំងនេះឱ្យកាន់តែរីកចម្រើន។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរក និងចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕









