ក្រុមហ៊ុនផ្នែកកសិក-ឧស្សាហកម្មរបស់ចិន បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា (Video inside)
16-07-2026 13:37
(ចិន)៖ ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យកសិ-ឧស្សាហកម្មដ៏ធំមួយរបស់ចិន បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យមានសក្តានុពលនៅកម្ពុជា។
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានសម្តែងការកោតសរសើរដោយស្មោះចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។
លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចមហាបវរធិបតី អំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដែលបានចាប់ផ្តើមបោះទុនវិនិយោគតាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ដោយផ្តោតលើការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្ម ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានៅក្នុងយុគសម័យថ្មី។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនអំពីបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានសក្តានុពល ពិសេសវិស័យថាមពលកកើតឡើងវិញ។
សម្តេចមហាបវរធិបតី បានការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ដែលបានជឿជាក់ និងបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ សម្តេចមហាបវរធិបតី ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយឱកាសវិនិយោគទាំងនោះឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង។
សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាពង្រីកការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដោយមើលឃើញពីបទពិសោធ និងឧត្តមភាពរបស់ក្រុមហ៊ុនលើការដាំដុះស្វាយចន្ទី។ សម្តេចមហាបវរធិបតី ក៏បានបញ្ជាក់បន្ថែមអំពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល សម្រាប់រាល់ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅតំបន់ភូមិភាគឦសាន៕









