ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ក្រុមហ៊ុនរបស់ចិន ចាប់ដៃក្រុមហ៊ុនកម្ពុជា បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា (Video inside)
16-07-2026 13:31
(ចិន)៖ ក្រុមហ៊ុន Haier Group របស់ចិន បានចាប់ដៃជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា ក្នុងគោលបំណងផ្តល់ឧបករណ៍អេឡិចត្រូនិកថេប្លេត មានតម្លៃសមរម្យទៅដល់សិស្ស-និស្សិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យកាន់តែទូលំទូលាយនូវការប្រើប្រាស់សម្ភារឌីជីថល និងការសិក្សាពីចម្ងាយ។
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកអនុប្រធានក្រុមហ៊ុន បានគោរពជម្រាបសម្តេចមហាបវរធិបតី អំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុននាំមុខមួយក្នុងពិភពលោកក្នុងការផលិត និងផ្តល់ឧបករណ៍ និងសម្ភារសម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងជាង ៦០ប្រទេស និងមានអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនប្រមាណ ៤៤លាននាក់ នៅជុំវិញពិភពលោក។
លោកអនុប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ដែរថា ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ក្នុងគោលបំណងផ្តល់នូវឧបករណ៍អេឡិចត្រូនិកថេប្លេត (Tablet) ដែលមានតម្លៃសមរម្យ ទៅដល់សិស្ស-និស្សិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យកាន់តែទូលំទូលាយនូវការប្រើប្រាស់សម្ភារឌីជីថល និងការសិក្សាពីចម្ងាយ។
សម្ដេចមហាបវរធិបតី បានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្ដល់ការគាំទ្រ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីគាំទ្រដល់ភាពជោគជ័យនៃបណ្តាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងសម្តែងការស្វាគមន៍ចំពោះគម្រោងផលិតថេប្លេតតម្លៃសមរម្យ ដែលការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាស និងអត្ថប្រយោជន៍ពីគោលនយោបាយលើកទឹកចិត្តទាំងនោះ ក្នុងការជំរុញ និងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា៕









