FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍ប្រគុំតន្ត្រីសប្បុរសធម៌ ប្រមូលថវិកាជួយមន្ទីរគន្ធបុប្ផាក្រោមប្រធានបទ «បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នឹងរៀបចំឡើងនៅថ្ងៃទី២៥ ខែកក្កដា ពហុកីឡដ្ឋានមរតកតេជោ (Video inside)

16-07-2026 13:29

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំពហុកីឡដ្ឋានជាតិមរតកតេជោ រួមសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងក្រុមហ៊ុនដៃគូឯកជន បានរៀបចំសន្និសីទសារព័ត៌មានរួមគ្នាដោប្រកាសពីការរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំមួយ ក្រោមប្រធានបទ «បេះដូងមួយ សំឡេងមួយ ដើម្បីគន្ធបុប្ផា» ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

កម្មវិធីដ៏មានអត្ថន័យនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា និងតាមការអំពាវនាវជាបន្តបន្ទាប់របស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងកៀរគរថវិកាជួយទ្រទ្រង់ និងរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

លោក សេង តុលា អគ្គនាយកពហុកីឡដ្ឋានជាតិមរតកតេជោ មានប្រសាសន៍ថា ការប្រគំតន្ត្រីនេះជាការរួមគ្នារវាងវិស័យរដ្ឋ ឯកជន និងសិល្បករ ទៅតាមជំនាញរៀងៗខ្លួន។ កម្មវិធីនេះទទួលបានការគាំទ្របច្ចេកទេសឆាក សំឡេង និងប្រព័ន្ធកក់សំបុត្រ (Stadium X) ពីក្រុមហ៊ុន NanoSound ដឹកនាំដោយលោក ណោ សា និងការជួយផ្សព្វផ្សាយយ៉ាងសកម្មពីសំណាក់ក្រុម KOLs ឬ Content Creator មកពីក្រុមហ៊ុន Greesan (Greesan Family) ។

កម្មវិធីនេះក៏មានការស្ម័គ្រចិត្តចូលរួមយ៉ាងកុះករពីសំណាក់តារាចម្រៀងល្បីៗ រួមមាន៖ កញ្ញា ពេជ្រ សូលីកា, លោក កែវ សុវាហា, លោក មង្គល ម៉ានុត, លោក ឯក ម៉ន្ត្រី, ដុកទ័រ តុង និង ជីវ៉ាវ៉ា ព្រមទាំងពិធីករឆ្នើម ៣រូប គឺលោក យ៉ារ៉ូដូ, លោក វីត និងលោក សុខ ប្រាស៊ី។

លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា៖ ព្រឹត្តិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមនេះ និងបានបញ្ជាក់ពីស្ថានភាពហិរញ្ញវត្ថុរបស់មន្ទីរពេទ្យថា៖ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៣ ទីតាំង (ភ្នំពេញ ២ និងសៀមរាប ១) ត្រូវចំណាយថវិកាប្រមាណ ១២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ (ស្មើនឹងប្រហែល ៤៥ ទៅ ៤៦ លានដុល្លារក្នុងមួយឆ្នាំ) ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ក្នុងស្តង់ដារប្រកបដោយគុណភាព និងគ្មានការរើសអើង។

លោកបញ្ជាក់បន្ថែមថា ថ្វីត្បិតតែយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លើកទី៣ នាខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ទទួលបានថវិកាបរិច្ចាគយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ៦,៣ លានដុល្លារ ពីសប្បុរសជនប្រមាណ ៣៥ម៉ឺននាក់ក៏ដោយ ប៉ុន្តែតម្រូវការជាក់ស្តែងគឺមានជារៀងរាល់ថ្ងៃ ព្រោះជំងឺរបស់កុមារមិនរង់ចាំទាល់តែមានយុទ្ធនាការនោះឡើយ។

តំណាងមូលនិធិបានបន្តអំពាវនាវយ៉ាងទទូច ដល់សាធារណជន ជាពិសេសស្រទាប់យុវវ័យ ឱ្យចូលរួមទិញសំបុត្រទស្សនាការប្រគំតន្ត្រីសប្បុរសធម៌នេះឱ្យបានច្រើនកុះករ ដើម្បីបង្ហាញពីសាមគ្គីភាព និងការចេះជួយគ្នាក្នុងនាមជាខ្មែរដូចគ្នា។

វាគ្មិនក្នុងសន្និសីទក៏បានរំលឹកពីស្លោករបស់មូលនិធិផងដែរថា៖ «ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា» ដោយសង្កត់ធ្ងន់ថា យើងត្រូវរួមគ្នាបង្កើត «ភាពញញឹម» សម្រាប់បច្ចុប្បន្ន និងអនាគតរបស់កុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

បច្ចុប្បន្ន សំបុត្រចូលទស្សនាការប្រគំតន្ត្រីសប្បុរសធម៌នេះ ចាប់ផ្តើមបើកលក់ជាបន្តបន្ទាប់ហើយ តាមរយៈប្រព័ន្ធកក់សំបុត្ររបស់ក្រុមហ៊ុនដៃគូ។ គណៈកម្មការរៀបចំកម្មវិធីសង្ឃឹមយ៉ាងមុតមាំថា នឹងមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី៕