FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកប្រធានក្រុមហ៊ុន CMEC របស់ចិន៖ កម្ពុជា គឺជាប្រទេសមានស្ថិរ​ភាពនយោបាយ ផ្ដល់ទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន​ដាក់ទុនវិនិយោគ (Video inside)

16-07-2026 13:27

(ចិន)៖ លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) បានគូសរំលេចថា កម្ពុជា គឺជាប្រទេសមានស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ កត្តានេះ បានផ្តល់ទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុនដាក់ទុនវិនិយោគ។

លោកប្រធានក្រុមហ៊ុន បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់កិច្ចសហការ និងគាំទ្រយ៉ាង​ពេញ​ទំហឹងដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក។ លោក​ប្រធាន​ក្រុមហ៊ុនបានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដែលមានស្ថិរភា​ពន​យោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកត្តានេះ​ គឺជា​មូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឱ្យក្រុមហ៊ុនមានភាពកក់ក្ដៅ និងទំនុកចិត្តខ្ពស់​ក្នុង​ការ​បណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបសម្ដេចមហាបវរធិបតី អំពីវឌ្ឍ​ន​ភាព​នៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន​ ដែលបានចាប់ផ្ដើមបោះទុនវិនិ​យោគ​នៅកម្ពុជាតាំងពីឆ្នាំ២០០៨ ដោយផ្ដោតសំខាន់លើវិស័យថាមពល និង​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្នក្រុមហ៊ុន កំពុងមានកិច្ចសហប្រតិបត្តិ​ការ​យ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់រោងចក្រថាមពល​ដើរ​ដោយឧស្ម័នធម្មជាតិរាវ (LNG) នៅខេត្តកោះកុង។

លោកប្រធានក្រុមហ៊ុន បានសម្ដែងភាពរីករាយ ដែលបានរួមចំណែកដល់ការ​អ​ភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ និងឯករាជ្យ​ភាព​ផ្នែកថាមពលរបស់កម្ពុជា​នាពេលអនាគត។ លោកប្រធានក្រុមហ៊ុន ក៏បាន​ជម្រាប​ជូនសម្ដេចមហាបវរធិបតី អំពីបំណងក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យថាមពល និងវិស័យកសិកម្ម។ លោកប្រធាន​ក្រុម​ហ៊ុន ​ក៏បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយបណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិន ដើម្បីកៀរគរក្រុមហ៊ុនទាំង​នោះ មកស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា នៅក្នុងប្រទេស​កម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអបអរ​សាទរចំពោះ​ភាព​ជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសនានា ក៏ដូចជាភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន​នៅកម្ពុជា។ សម្ដេចមហា​ប​វរធិបតី ក៏បានសម្ដែងការពេញចិត្តចំពោះកិច្ចសហការរវាងក្រុមហ៊ុន ជាមួយ​ដៃគូក្នុងស្រុក​ ក្នុងការវិនិយោគលើវិស័យថាមពល LNG នេះ។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់បន្ថែមថា វិស័យថាម​ពល​ ជាវិស័យគន្លឹះដ៏មានសារៈសំខាន់ ហើយការធានាឱ្យបាននូវ​សន្តិសុខ​ថាម​ពល​ ជាកិច្ចការចាំបាច់ដែលមិនអាចខ្វះបាន។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការវិនិយោគលើវិស័យថាមពលនៅកម្ពុជា មិនត្រឹមតែសម្រាប់ឆ្លើយតបនឹង​តម្រូវ​ការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឈានទៅដល់​ការផ្គត់ផ្គង់​ទៅកាន់បណ្ដាប្រទេសសមាជិកអាស៊ានផងដែរ តាមរយៈគោលនយោបាយ​បណ្ដាញ​អគ្គិសនីអាស៊ាន (ASEAN Power Grid)។

សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគាំទ្រ និងយក​ចិត្ត​ទុកដាក់ខ្ពស់ដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជានាពេលខាងមុខ៕