ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ជប៉ុនផ្ដល់ឥណទានសម្បទានប្រមាណ៣ ៥១៥លានដុល្លារ
16-07-2026 13:21
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម ជាមួយលោក UENO Atsushi ក្នុងឱកាសដែលលោក បញ្ចប់អាណត្តិដ៏ឧត្តុង្គឧត្តមជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងជម្រាបលា។ ជំនួបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងកិច្ចជំនួបពិភាក្សា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេង ដល់ការកសាងឡើងវិញព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជារហូតដល់បច្ចុប្បន្នកាលនេះ។
ជប៉ុន បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance - ODA) ដោយផ្តោតអាទិភាពក្នុងការផ្តល់ឥណទានសម្បទានស្របតាមយុទ្ធសាស្រ្ត, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានារបស់កម្ពុជា។ ជាក់ស្តែង, តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ, មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន៣៩ សម្រាប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីចំនួន ២៥ មានទឹកប្រាក់សរុបចំនួន ៤២២,១៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ក្នុងនោះ គម្រោង/កម្មវិធីកំពុងដំណើរការសរុបចំនួន ១២ និងគម្រោង/កម្មវិធី បានបញ្ចប់សរុបចំនួន១៣។
ឆ្លៀតក្នុងឱកាសនេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក UENO Atsushi ផ្ទាល់ ដែលលោកបានខិតខំប្រឹងប្រែងអស់ ពីកំលាំងកាយចិត្ត និងសម្រេចបានស្នាដៃដ៏ធំ នៅក្នុងការបំពេញភារៈកិច្ច ជាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិរបស់លោក UENO Atsushi ចាប់ពីឆ្នាំ២០២៣ ដល់ដំណាច់ឆ្នាំ២០២៦នេះ។
ក្នុងនោះ, កម្ពុជា ទទួលបានហិរញ្ញប្បទានសរុបចំនួន ២៦ គម្រោង/កម្មវិធី ដែលមានឥណទានសម្បទានសរុបចំនួន ១៤ គម្រោង/កម្មវិធី និងហិរញ្ញប្បទានឥតសំណងសរុបចំនួន ១២ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១ ៦៥២ លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ ២០២៦, ឥណទានសម្បទានសរុបចំនួន ៦ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ៧០០ លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួន ៣ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១១ លានដុល្លារអាម៉េរិក។
ជាមួយគ្នានេះ, រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់កញ្ចប់ឥណទានសម្បទានថ្មី ចំនួន១កម្មវិធីបន្ថែមទៀត មានទឹកប្រាក់ចំនួន១៨៨លានដុល្លារអាម៉េរិក ដែលគ្រោងនឹងចុះហត្ថលេខា ក្នុងឆ្នាំ២០២៦នេះផងដែរ។
ក្រៅពីឥណទានសម្បទាន ដែលទទួលបានពីភាគីមិត្តជប៉ុន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា, កម្ពុជា ក៏នៅមានតម្រូវការ និងរៀនសូត្របន្ថែមទៀតពីមិត្តជប៉ុន លើគ្រប់វស័យ ដូចជា ការវិនិយោគ និងការចូលរួមវិនិយោគពីវិស័យឯកជន, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, សេដ្ឋកិច្ចបៃតង, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistcs), សេដ្ឋកិច្ចឌីជីថល, ការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសផ្នែកជំនាញទន់ (Soft Skills) ជាដើម ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរឯកអគ្គរាជទូតជប៉ុន ទទួលបាននូវជោគជ័យបន្តទៀត សម្រាប់ការបំពេញភារកិច្ចថ្មី៕








