ក្រុមហ៊ុនផ្នែកថាមពលរបស់ចិន ចាប់អារម្មណ៍ពង្រីកការវិនិយោគនៅកម្ពុជា (Video inside)
16-07-2026 12:41
(ចិន)៖ ក្រុមហ៊ុន China Energy International ដែលជាក្រុមហ៊ុនផ្នែកថាមពលរបស់ចិន បានបង្ហាញការចាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International Group Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានជម្រាបសម្ដេចមហាបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលតែងតែផ្ដល់កិច្ចសហការដ៏ល្អ និងការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក។
លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា កាលពីដំបូងឡើយ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាបានផ្ដោតលើការអនុវត្តវិស្វកម្ម, លទ្ធកម្ម និងការសាងសង់ (Engineering, Procurement, and Construction – EPC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។ ដោយឡែក, នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ក្រុមហ៊ុនពិតជារីករាយដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។
សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានផ្ដល់ទំនុកចិត្ត និងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគលើវិស័យសក្ដានុពលបន្ថែមទៀតនៅកម្ពុជា។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលស្អាត គឺជាអាទិភាពចម្បងមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ បច្ចុប្បន្ននេះ កម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២ភាគរយ រួចទៅហើយ និងកំពុងជំរុញឱ្យសម្រេចបានរហូតដល់ ៧០ភាគរយ ត្រឹមឆ្នាំ២០៣០។ បន្ថែមពីលើនេះ កម្ពុជាមានចំណាប់អារម្មណ៍ក្នុងការនាំចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាពប្រភពថាមពលអគ្គិសនីដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការគាំទ្រជានិច្ច ដើម្បីធានាឱ្យបណ្ដាក្រុមហ៊ុនវិនិយោគទទួលបានជោគជ័យ និងរីកចម្រើនទៅមុខ។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការវិនិយោគរបស់ខ្លួននៅកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន China Energy International។ ក្រុមហ៊ុន China Energy International គឺជាក្រុមហ៊ុនខ្នាតយក្សឈានមុខគេមួយរបស់ប្រទេសចិនលើវិស័យវិស្វកម្ម, ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មរួមមាន វិស័យថាមពលកកើតឡើងវិញ និងថាមពលបៃតង, វារីអគ្គិសនី និងថាមពលដើរដោយធ្យូងថ្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹកស្អាតផងដែរ៕









