FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន បង្ហាញបំណងពង្រីកការ​វិនិយោគបន្ថែមនៅកម្ពុជា (Video inside)

16-07-2026 12:34

(ចិន)៖ ក្រុមហ៊ុន China Railway Construction Corporation (CRCC) ដែលជាក្រុមហ៊ុនសាងសង់ហេដ្ឋរចនាសម្ព័ន្ធរបស់ចិន បង្ហាញ​បំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា។

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាប​ជូនសម្តេចមហាបវរ​ធិបតីនាយករដ្ឋមន្ត្រី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុម​ហ៊ុន​វិស្វកម្ម និងសាងសង់ឈានមុខគេមួយក្នុងពិភពលោក ដោយផ្ដោត​សំខាន់​លើ​កិច្ចការម៉ៅការសាងសង់, ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ, ការផលិតបរិក្ខារ​បច្ចេក​វិទ្យាជាន់ខ្ពស់ និងជាអ្នកអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗជាយុទ្ធសាស្ត្រ ដែលមានប្រតិបត្តិការអាជីវកម្មគ្របដណ្តប់លើ ១៥០ប្រទេស។

លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា ក្រុមហ៊ុន CRCC បានបោះទុន​វិនិ​យោគក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ហើយបានសម្រេច​នូវ​គម្រោង​សំខាន់ៗជាច្រើន រួមមាន៖ គម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុង​ខេត្តបាត់​ដំបង, ភូមិកីឡាកម្ពុជា, អគារទីស្តីការក្រសួងការពារជាតិ, មន្ទីរពេទ្យមិត្ត​ភាព​កម្ពុជា-ចិនត្បូងឃ្មុំ ជាដើម។

លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង​ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដែលតែងតែផ្តល់កិច្ចសហការ និងការគាំទ្រ​យ៉ាងល្អប្រសើរ ដែលជាកត្តាជំរុញឱ្យអាជីវកម្មរបស់ក្រុមហ៊ុនទទួល​បានជោគ​ជ័យជាបន្តបន្ទាប់នៅកម្ពុជា។ លើសពីនេះទៅទៀត លោកប្រធានក្រុម​ហ៊ុនក៏​បាន​បង្ហាញនូវបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគ​បន្ថែមទៀតនៅ​កម្ពុជា លើវិស័យគន្លឹះ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនា​សម្ព័ន្ធ​​ឌីជីថល, ថាមពលកកើតឡើងវិញ ក៏ដូចជាសមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការ (Integrated Investment, Construction, and Operation) ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរ​ ចំពោះ​ជោគ​ជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅលើឆាកអន្តរជាតិ ក៏ដូចជា​នៅក្នុងប្រទេសកម្ពុជា។ សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះ​ការរួម​ចំណែករបស់ក្រុមហ៊ុន ក្នុងការកសាងគម្រោងធំៗនៅកម្ពុជា ព្រមទាំងស្វា​គម​ន៍​​យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលា​នុវត្ត​ភាពពង្រីកការវិនិយោគ។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន គឺជាវិស័យអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលយកចិត្តទុក​ដាក់​បំផុត​។ ជាក់ស្តែង ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើន ទាំងផ្លូវគោក និងផ្លូវទឹក ខណៈដែល​បច្ចុ​ប្បន្ន រាជរដ្ឋាភិបាលក៏កំពុងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍ និងពង្រឹង​សេវា​កម្មដឹកជញ្ជូនតាមផ្លូវដែកផងដែរ។

សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីក្តាប់​យក​ឱកាស និងប្រែក្លាយគម្រោងពង្រីកការវិនិយោគទាំងនោះ​ឱ្យលេចចេញ​ជារូបរាងជាក់ស្តែងនាពេលអនាគត។

សូមបញ្ជាក់ថា ក្រុមហ៊ុន China Railway Construction Corporation (CRCC)។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏​ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក។ ធ្វើប្រតិបត្តិ​ការ​អាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជា សាងសង់ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវក្រោមដី, ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ក្រុមហ៊ុន ក៏ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំង​ការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវ​ក្រោម​ដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង៕