FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនផលិតអាលុយមីញ៉ូមរបស់ចិន បង្ហាញចំណាប់អារម្មណ៍ ស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមនៅកម្ពុជា (Video inside)

16-07-2026 12:24

(ចិន)៖ ក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ដែលជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមរបស់ចិន បានបង្ហាញចំណាប់អារម្មណ៍​ស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមនៅកម្ពុជា។

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសជំនួបនោះ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូន​សម្ដេច​មហាបវរធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាសហ​គ្រាស​ឈានមុខមួយនៅក្នុងប្រទេសចិន ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សា​ហកម្ម​ធនធានរ៉ែ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក​ជាដេីម។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាប​សម្ដេចមហាបវរធិបតី អំពីវឌ្ឍនភាពនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុន​នៅ​កម្ពុជា ដែលក្នុងនោះក្រុមហ៊ុនបានសិក្សាសមិទ្ធិលទ្ធភាព​លើវិស័យ​ផលិត​ដែក និងវិស័យធនធានរ៉ែ។ ផ្អែកលើមូលដ្ឋាននេះ ក្រុមហ៊ុន CHINALCO បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមលើវិស័យទាំងនេះ នៅកម្ពុជា។

​សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរចំពោះ​ភាព​ជោគ​ជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្ដេចមហាបវរធិបតី បានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្ត​ភាព​វិនិយោគលើវិស័យសក្ដានុពលនានានៅកម្ពុជា ដូចជា៖ វិស័យហេដ្ឋា​រច​នា​សម្ព័ន្ធ, ការសាងសង់ផ្លូវដែក និងធនធានរ៉ែ ។

សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​តែងតែស្វា​គមន៍ និងត្រៀមខ្លួនផ្ដល់ការគាំទ្រជានិច្ចដល់គ្រប់ក្រុមហ៊ុនវិនិយោគ ដើម្បី​ធានាបាននូវភាពជោគជ័យនៅកម្ពុជា។

សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់​ទំនាក់​ទំនង និងពិភាក្សាការងារឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគជាក់ស្ដែងឱ្យលេចចេញ​ជាផ្លែផ្កានៅពេលអនាគត។

សូមបញ្ជាក់ថា ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយ​មីញ៉ូម​ដ៏ធំ​មួយរបស់ប្រទេសចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិ​បត្តិការ​គ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំង​ពី​ការ​រុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់​សេវាកម្មវិស្វកម្ម និងបច្ចេកទេស៕