សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមកម្មវិធីកសាងសមត្ថភាព នៅសាធារណរដ្ឋកូរ៉េ
16-07-2026 10:31
(កូរ៉េខាងត្បូង)៖ លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង តំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ចំនួន ០៦រូបទៅចូលរួមក្នុងកម្មវិធីកសាងសមត្ថភាពក្នុងការរៀន និងបង្រៀននៅថ្នាក់ឧត្តមសិក្សា ដើម្បីគាំទ្រការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ជំនាញពាណិជ្ជកម្មអន្តរជាតិ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យនារីឌុកស៊ុង (Duksung Women's University) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋកូរ៉េ។
កម្មវិធីកសាងសមត្ថភាពលើកទី៣នេះ បានផ្ដោតលើមុខវិជ្ជាសំខាន់ៗរួមមាន៖ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្ម ការធានារ៉ាប់រងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសកូរ៉េ និងប្រព័ន្ធដាំដុះស្រូវស្របតាមកសិកម្មអេកូឡូស៊ីនៅក្នុងស្រុកយ៉ាងផ្យ៉ង (Eco-Friendly Rice Farming in Yangpyeong) ខេត្តGyeonggi។
ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំបានទៅចូលរួមទស្សនកិច្ចសិក្សា នៅតាមរោងចក្រកែច្នៃផលិតផលកសិកម្ម រោងម៉ាស៊ីនសម្ងួតស្រូវ និងកិនស្រូវទំនើបខ្នាតតូច កសិដ្ឋានវៃឆ្លាតដាំដំណាំស្វាយ សារមន្ទីរកសិកម្ម ព្រមទាំងរមនីយដ្ឋានវប្បធម៌នៅក្នុងស្រុកយ៉ាងផ្យ៉ង។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះដែរ មានការរៀបចំពីចុះអនុស្សរណៈយោគយល់រវាង មជ្ឈមណ្ឌលចែកចាយ និងកែច្នៃផលិតផលកសិកម្មនៃសាកលវិទ្យាល័យជាតិបាត់ដំបង (National University of Battambang Agricultural Product Distribution and Processing Support ODA Center “NUBB ODA Korea Center”) មជ្ឈមណ្ឌលសហប្រតិបត្តិការអភិវឌ្ឍអប់រំសាកលនៃសាកលវិទ្យាល័យនារីឌុកស៊ុង (Duksung Women's University Global Education ODA Development Cooperation Center “DSWU ODA Center”) និងមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មស្រុកយ៉ាងផ្យ៉ង (Yangpyeong-gun Agricultural Technology Center “Agricultural Technology Center”)។
អនុស្សរណៈយោគយល់នេះមានគោលបំណងជំរុញការអប់រំក្នុងវិស័យកសិកម្ម ពង្រឹងសមត្ថភាពបច្ចេកទេស បង្កើនសមត្ថភាពប្រតិបត្តិការនៃបណ្តាញគាំទ្រកសិកម្ម និងបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់កម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាកសិកម្ម ការចែកចាយ និងកែច្នៃផលិតផលកសិកម្ម និងប្រតិបត្តិការនៃមជ្ឈមណ្ឌលគាំទ្រការចែកចាយ និងកែច្នៃផលិតផលកសិកម្ម ដែលភ្ជាប់ជាមួយគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការកូរ៉េ(ODA)ដោយផ្អែកលើកិច្ចសហប្រតិបត្តិការទៅវិញទៅមក រវាងមជ្ឈមណ្ឌល ODA នៃសាកលវិទ្យាល័យ DSWU មជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម និងមជ្ឈមណ្ឌលចែកចាយ និងកែច្នៃផលិតផលកសិកម្មនៃសាកលវិទ្យាល័យជាតិបាត់ដំបង។
មជ្ឈមណ្ឌលចែកចាយ និងកែច្នៃផលិតផលកសិកម្ម នៃសាកលវិទ្យាល័យជាតិបាត់ដំបងនេះមានគោលបំណង សំខាន់ៗចំនួន៤ គឺ៖ (១)ជាមជ្ឈមណ្ឌលទំនាក់ទំនង និងសម្របសម្រួល (២) ជួយកសិករក្នុងការកែច្នៃផលិតផលកសិកម្ម (៣) ជួយកសិករក្នុងការរកទីផ្សារលក់ផលិតផលកែច្នៃ និង (៤) ជាវេទិកាសម្រាប់ពិភាក្សាអំពីការជួញដូរផលិតផលរវាងកសិករ និងភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យនារីឌុកស៊ុងបានទទួលហិរញ្ញប្បទានក្រោមគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់សរុបប្រមាណជា ២ លានដុល្លារអាមេរិក និងរយៈពេលអនុវត្តគម្រោងចំនួន ៧ ឆ្នាំ។
គម្រោងនេះមានគោលបំណងលើកកម្ពស់សមត្ថភាពកម្មវិធីអប់រំ និងជំរុញការអប់រំស្ដង់ដារអន្តរជាតិនៅថ្នាក់ឧត្តមសិក្សានៅប្រទេសកម្ពុជា។ សាកលវិទ្យាល័យជាតិបាត់ដំបងបាន និងកំពុងធ្វើការបណ្តុះបណ្តាលកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រជំនាញពាណិជ្ជកម្មអន្តរជាតិ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់តាំងពីឆ្នាំសិក្សា ២០២៥ មកម៉្លេះ។ នៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ខាងមុខនេះ សាស្រ្តាចារ្យនៃសាកលវិទ្យាល័យនារីឌុកស៊ុងនឹងទៅបង្រៀនមុខវិជ្ជាមួយចំនួននៅសាកលវិទ្យាល័យជាតិបាត់ដំបង។
និស្សិតមួយចំនួននៃសាកលវិទ្យាល័យជាតិបាត់ដំបងនឹងធ្វើការផ្លាស់ប្តូរសិក្សាក្នុងរយៈពេលមួយឆមាសទៅកាន់សាកលវិទ្យាល័យនារីឌុកស៊ុង តាមរយៈកម្មវិធីចល័តនិស្សិតអន្តរជាតិនៅអាស៊ី (Asian International Mobility for Students (AIMS) Programme)៕












