លោក សារិន វណ្ណា៖ អនុវត្តតាមបរិបថថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិ ក្នុងរាជធានីភ្នំពេញ ប្រើរយៈពេល១ខែប៉ុណ្ណោះ, រាជធានីភ្នំពេញនឹងធ្វើជាគំរូសម្រាប់ខេត្តផ្សេងៗ
16-07-2026 10:02
(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានអះអាងថា អនុវត្តតាមបរិបថថ្មី ដែលមន្ទីរបានដាក់ចេញការស្នើសុំបណ្ណកម្មសិទ្ធិ ក្នុងរាជធានីភ្នំពេញ ប្រើរយៈពេល១ខែប៉ុណ្ណោះ។
លោកថា ប្រសិទ្ធភាពការងារនេះកើតចេញពីស្មារតីនៃអង្គប្រជុំអន្តរក្រសួងដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកំណែទម្រង់សេវាសាធារណៈវិសយ័ដីធ្លី និងសំណង់ព្រមទាំងទទួលបានការណែនាំរបស់ លោកអភិបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញឱ្យអនុវត្តតាមបរិបថថ្មី ឃើញថាមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ឋសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ធ្វើឱ្យលឿន ធ្វើឱ្យលះ បើកស្ទះសុំគោលការណ៍។
ជាមួយនឹងការបង្ហាញរបាយការណ៍សង្ខេបនៃខ្លឹមសារអង្គប្រជុំអន្តរក្រសួង និងបរិបថថ្មី នៃការបម្រើសេវាសាធារណៈក្នុងវិស័យដីធ្លី និងសំណង់ របស់មន្ទីររៀបចំដែនដី លោកប្រធានមន្ទីរបានសរសេរសារដូច្នេះថា៖ «យោងតាមការអនុវត្តជាក់ស្តែង ស្របតាមស្មារតីអង្គប្រជុំអន្តរក្រសួងដឹកនាំដោយ ឯឧ ឧប សាយ សំអាល់ លើកំណែទម្រង់សេវាសាធារណៈ វិសយ័ដីធ្លី និង សំណង់ (រយៈពេល ខ្លី ខ្លឹម ប្រកបដោយគុណភាព) ព្រមទាំងទទួលបានការណែនាំរបស់ ឯឧ អភិបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញអោយអនុវត្ត តាមបរិបថថ្មី ឃើញថាមានប្រសិទ្ឋភាពខ្ពស់ ស្របតាមយុទ្ឋសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ធ្វើឱ្យលឿន ធ្វើឱ្យលះ បើកស្ទះសុំគោលការណ៍។ ស្នើសុំបណ្ណកម្មសិទ្ធិ ប្រើរយៈពេល១ខែប៉ុណ្ណោះ។ បើភ្នំពេញធ្វើបាន តាមគំរូបរិបថថ្មី ហើយខេត្តណាមិនអនុវត្ត ប្រជាជនគាត់យល់ហើយ»៕












