FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដូចការសន្យា! លោក សារិន វណ្ណា ចាប់ផ្តើមបញ្ចេញសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធវិស័យដីធ្លី នៅតាមបណ្តារាជធានី-ខេត្ត និងអំពាវនាវឱ្យមន្ត្រីដោះស្រាយ កង្វល់របស់ប្រជាជន ព្រោះ​ «មន្ត្រីមិនមែនជាចៅហ្វាយរបស់រាស្ត្រទេ»

16-07-2026 09:04

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ដូចដែលបានសន្យា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានចាប់ផ្តើមបញ្ចេញសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការផ្តល់សេវាសាធារណៈលើវិស័យដីធ្លី នៅតាមបណ្តារាជធានី ខេត្ត ដែលបាន Comments ក្នុងហ្វេសប៊ុករបស់លោក។

ជាមួយនឹងការបង្ហាញឯកសារកត់ត្រាសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួនហើយនោះ លោក សារិន វណ្ណា បានអំពាវនាវដល់មន្ត្រីត្រូវដោះស្រាយកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ព្រោះមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រទេ។

លោកបានបង្ហោះឯកសារសំណើ និងសំណូមពរ អមដោយពាក្យពេចន៍ដូច្នេះថា៖ «ក្រុមការងារឌីជីថល របស់មន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានស្រង់នៅសំណើ និងសំណូមពរមួយចំនួនតាមបណ្តារាជធានី ខេត្ត ដែលបានខំមិនក្នុងផេកកន្លងមក គិតត្រឹមថ្ងៃ១៥.៧.២៦។ សូមយកបញ្ហាកង្វល់របស់ប្រជាជន ដើម្បីដោះស្រាយ ព្រោះយើងមិនមែនជាចៅហ្វាយរបស់រាស្ត្រទេ»

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានឱ្យក្រុមការងារឌីជីថលរបស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ស្រង់នូវក្តីកង្វល់របស់ប្រជាពលរដ្ឋ លើការផ្តល់សេវាសាធារណៈលើវិសយ័ដីធ្លី ដែលកកស្ទះទូទាំងប្រទេស។

ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក សារិន វណ្ណា បានបញ្ជាក់ថា ក្រោយពីក្រុមការងារផ្នែកឌីជីថលរបស់មន្ត្រីរៀបចំដែនដីរាជធានីភ្នំពេញ ប្រមូលព័ត៌មានពីភាពលំបាករបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសេវាសាធារណៈលើវិស័យដីធ្លីរួចរាល់ លោកនឹងបញ្ចេញក្តីលំបាកនោះជាសាធារណៈនៅលើបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម។ លោកអះអាងថា កិច្ចការងារនេះលោកនឹងដោះស្រាយទុក្ខលំបាករបស់ប្រជាជនឱ្យបាន។

លោកបានប្រកាសថានឹងប្រើប្រាស់ឆន្ទានុសិទ្ធិ ដែលលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តល់ឱ្យលោក ចាត់ការលើមន្ទីររៀបចំដែនដីខេត្តណា ដែលបន្តទុកឱ្យប្រជាពលរដ្ឋជួបការលំបាក ក្នុងការទទួលសេវាសាធារណៈលើវិស័យដីធ្លី៕