FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីអគ្គលេខាធិការរដ្ឋាភិបាលម៉ូរីតានី ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

15-07-2026 21:44

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជំនួបពិភាក្សាការងារជាមួយលោក Moctar LAM រដ្ឋមន្ដ្រីអគ្គលេខាធិការរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីស្លាមម៉ូរីតានី ក្នុងឱកាសដែលលោក និងគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

នៅក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Moctar LAM និងគណៈប្រតិភូ។ ទេសរដ្ឋមន្ត្រី បានជម្រាបជូនភាគីម៉ូរីតានី អំពីស្ថានភាពរស់នៅ និងការរីកចម្រើនរបស់សហគមន៍ឥស្លាមនៅកម្ពុជា ដែលបច្ចុប្បន្នកំពុងទទួលបានការយកចិត្តទុកដាក់ និងការផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខ្មែរឥស្លាមជាច្រើនរូប ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងតែងតាំងក្នុងតួនាទីសំខាន់ៗជាច្រើន ចាប់តាំងពីថ្នាក់ដឹកនាំជាតិ រហូតដល់ថ្នាក់ក្រោមជាតិ រដ្ឋបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចូលក្នុងក្រនខណ្ឌរដ្ឋ ដែលនេះឆ្លុះបញ្ចាំងពីគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដ៏ល្អប្រសើរនៅកម្ពុជា។

ជាការឆ្លើយតប លោក Moctar LAM បានថ្លែងអំណរគុណចំពោះទេសរដ្ឋមន្ត្រី ដែលបានលើកឡើងខាងលើអំពីសហគមន៍របស់ឥស្លាមឥស្លាមកម្ពុជា និងបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏រីកចម្រើនរបស់សហគមន៍ឥស្លាមនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ទេសរដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ លោក Moctar LAM ក៏បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងនាំមកនូវព័ត៌មានជុំវិញការត្រៀមលក្ខណៈ និងការគាំទ្រចំពោះបេក្ខភាពរបស់លោកស្រីបណ្ឌិត គូមបា បា (Dr. Coumba Ba) ក្នុងការឈរឈ្មោះជាអគ្គលេខាធិការថ្មី នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

លោកបានបន្ថែមថា កាលពីម្សិលមិញ គណៈប្រតិភូក៏បានជួបសម្តែងការគួរសមជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាផងដែរ ដោយទទួលបានការគាំទ្រយ៉ាងកក់ក្តៅ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាខែវិច្ឆិកា ខាងមុខនេះ។

ជាមួយគ្នានេះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា និងម៉ូរីតានី ដែលបានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ៦០។ ទំនាក់ទំនងនេះ បានស្តែងឡើងតាមរយៈការកសាងវិហារឥស្លាមអន្តរជាតិអាល់សាកាល់ភ្នំពេញ ក្រោមការផ្តួចផ្តើម របស់សម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចនរោត្ដម សីហនុ និងអតីតប្រធានាធិបតីម៉ូរីតានី ដែលក្រោយមកត្រូវបានកសាងឡើងវិញដោយសប្បុរសជនមកពីប្រទេសអារ៉ាប់រួម ដែលជានិមិត្តរូបនៃការតភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ជាទីបញ្ចប់ រដ្ឋមន្ដ្រីអគ្គលេខាធិការរដ្ឋាភិបាលម៉ូរីតានី បានជូនពរដល់លោកបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ឲ្យទទួលបានជោគជ័យក្នុងបេសកកម្មដឹកនាំការងារឥស្លាម និងបានបញ្ជាក់ថា លោកនឹងនាំយកព័ត៌មានពីវឌ្ឍនភាពដ៏ល្អរបស់កម្ពុជា ទៅជម្រាបជូនឯកឧត្តមប្រធានាធិបតី និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥស្លាមនៃប្រទេសម៉ូរីតានី ដើម្បីជម្រុញ និងរៀបចំដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជានៅពេលខាងមុខ តាមផ្លូវការទូត៕