FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងព័ត៌មានជំរុញយុទ្ធនាការ «៣កុំ ១ការពារ» ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

15-07-2026 20:41


(សៀមរាប)៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់សាធារណជនឱ្យចូលរួមអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការ «៣កុំ ១ការពារ» ដើម្បីធានាសុវត្ថិភាពព័ត៌មានសម្រាប់គ្រួសារ និងសហគមន៍ ក៏ដូចជាកសាងសង្គមមួយដែលគ្មានព័ត៌មានក្លែងក្លាយ។

លោក ទេព អស្នារិទ្ធ ថ្លែងនេះធ្វើឡើងក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

លោក ទេព អស្នារិទ្ធ បានពន្យល់លម្អិតអំពីគោលការណ៍ «៣កុំ» រួមមាន កុំទាន់ជឿភ្លាមៗតាមអារម្មណ៍នៅពេលឃើញព័ត៌មានប្លែកៗ ត្រូវផ្អាកហើយគិតពិចារណាសិន , កុំទាន់ចែករំលែកប្រភពព័ត៌មានមិនច្បាស់លាស់ ដើម្បីជៀសវាងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងកុំប្រហែសពេលប្រើប្រាស់បណ្ដាញសង្គម ដោយត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានហូរចូល និងមិនត្រូវចុចលើតំណភ្ជាប់ចម្លែក ឬមានភាពទាក់ទាញហួសហេតុ។

សម្រាប់ «១ការពារ» គឺការពារសន្តិសុខព័ត៌មានខ្លួនឯង តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងចែករំលែកចំណេះដឹងនេះបន្តដល់មិត្តភក្ដិ គ្រួសារ និងមនុស្សជុំវិញខ្លួន ដើម្បីឱ្យពួកគេយល់ដឹងពីល្បិចកលនៃព័ត៌មានក្លែងក្លាយ។ លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន បណ្ដាញសង្គមបានផ្ដល់ភាពងាយស្រួល ប៉ុន្តែក៏នាំមកនូវហានិភ័យធំមួយគឺ «ព័ត៌មានក្លែងក្លាយ» ដែលអាចបំផ្លាញទំនុកចិត្ត បង្កើតការយល់ច្រឡំ និងភាពវឹកវរក្នុងសង្គម។

លោកក៏បានបញ្ជាក់ផងដែរថា បណ្ដាញសង្គមដូចជា Facebook និង TikTok មិនមែនជាប្រភពព័ត៌មានផ្លូវការនោះទេ គ្រាន់តែជាមធ្យោបាយចែកចាយបន្តប៉ុណ្ណោះ។ សាធារណជនត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការជាតិ រួមមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), ទូរទស្សន៍ជាតិកម្ពុជា (TVK), វិទ្យុជាតិកម្ពុជា (RNK), MoInfo App, ក៏ដូចជាគេហទំព័ររបស់ក្រសួង-ស្ថាប័ន និងអង្គភាពសារព័ត៌មានដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។ ការចូលរួមរបស់យុវជន និងសាធារណជន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលមានសមត្ថភាពវិភាគ និងប្រើប្រាស់បច្ចេកវិទ្យាដោយសីលធម៌៕