សម្តេចតេជោ ហ៊ុន សែន ថ្វាយសារ ព្រះចៅស៊ុលតង់ ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨០ព្រះវស្សា
15-07-2026 17:00
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្វាយសារ ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Mu'izzaddin Waddaulah ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃប្រទេសប្រ៊ុយណេដារូស្សាឡាម ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨០ព្រះវស្សា របស់ព្រះអង្គ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា៖
ទូលបង្គំខ្ញុំ សូមសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមថ្វាយព្រះពរជ័យអស់ពី ដួងចិត្តចំពោះព្រះអង្គ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨០ព្រះវស្សា របស់ព្រះអង្គ។ ទូលបង្គំខ្ញុំ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ និងការលះបង់ពេញមួយជីវិតរបស់ព្រះអង្គ ដើម្បីសុខុមាលភាព វិបុលភាព និងសុខដុមរមនារបស់ប្រទេស និង ប្រជាជនប៊្រុយណេ ដារូស្សាឡាម។
ព្រះរាជវិភាគទានរួមចំណែករបស់ព្រះអង្គ បានលើកកម្ពស់កិត្យានុភាព របស់ប្រទេសប៊្រុយណេ ដារូស្សាឡាម លើឆាកអន្តរជាតិ ហើយព្រះរាជសកម្មភាពខិតខំប្រឹងប្រែងរបស់ ព្រះអង្គ បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេស និងប្រជាជនយើងទាំងពីរ។ កម្ពុជា វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដែលមានជាយូរលង់ និងទំនាក់ទំនងទ្វេភាគីដ៏ ជិតស្និទ្ធជាមួយប៊្រុយណេ ប្រកបដោយផ្លែផ្កា។
ខ្ញុំទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយព្រះអង្គ ដើម្បីបន្តពង្រឹងមិត្តភាព និង ទំនាក់ទំនងរបស់យើងឱ្យកាន់តែស៊ីជម្រៅថែមទៀត សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន ដែលបាននិងកំពុងរីកចម្រើនកាន់តែខ្លាំងក្លាតាមរយៈកិច្ចសហប្រតិបត្តិការយើង។
ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃដ៏វិសេសវិសាលនេះ នឹងនាំមកថ្វាយព្រះអង្គ នូវសុខភាពល្អបរិបូរ សុភមង្គល ព្រះជន្មាយុយឺនយូរ និងជោគជ័យជានិរន្តរ៍ ក្នុងការបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ និងជូនប្រជាជនប៊្រុយណេ ដារូសាឡាម នូវសុខុមាលភាព និងវិបុលភាព កាន់តែអស្ចារ្យថែមទៀត៕



