និស្សិតកម្ពុជាឆ្នើម ត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍យុវជនឡានឆាង-មេគង្គ លើកទី១០
15-07-2026 16:44
(ភ្នំពេញ)៖ ក្រុមនិស្សិតឆ្នើមតំណាងឱ្យប្រទេសកម្ពុជា ដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួនបួនផ្សេងទៀត នឹងបង្ហាញវត្តមានលើឆាកអន្តរជាតិ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងនវានុវត្តន៍យុវជនស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍតំបន់ឡានឆាង-មេគង្គ លើកទី១០ (YICMG)។
ព្រឹត្តិការណ៍នេះនឹងត្រូវផ្សាយបន្តផ្ទាល់នៅថ្ងៃទី១៧ ខែកក្កដា វេលាម៉ោង ១០:០០ព្រឹក។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យអ៊ូហាន (Wuhan University) ដោយមានការចូលរួមពីក្រុមនិស្សិតឆ្នើមចំនួន ៣៤ ក្រុម មកពី ៦ ប្រទេស។
ក្រោយពីទទួលបានជ័យលាភីពីការប្រកួតជម្រុះថ្នាក់ជាតិ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា (NICC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីខែមេសាកន្លងទៅ យុវជនកម្ពុជាបានឈានទៅប្រកួតប្រជែងសមត្ថភាពជាមួយយុវជនមកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
សមាសភាពក្រុមតំណាងកម្ពុជារួមមាន និស្សិតឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យក្រចេះ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។
ស្របតាមប្រធានបទឆ្នាំនេះ ដែលផ្តោតលើ «ហេដ្ឋារចនាសម្ព័ន្ធធន់ ការធ្វើឧស្សាហូបនីយកម្មប្រកបដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យា» និស្សិតទាំងនេះកំពុងសហការគ្នាជាក្រុមចម្រុះជាតិសាសន៍ (Cross-border teams)។
គោលបំណងសំខាន់គឺដើម្បីបង្កើតឧបករណ៍ប្រើប្រាស់ជាក់ស្តែង កម្មវិធីទូរស័ព្ទឆ្លាតវៃ និងដំណោះស្រាយឌីជីថលនានា ដើម្បីដោះស្រាយបញ្ហាប្រឈមពិតប្រាកដនៅក្នុងសហគមន៍នៃតំបន់ទន្លេមេគង្គ។
ការផ្សាយបន្តផ្ទាល់នាពេលខាងមុខនេះ ក៏ជាការអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គផងដែរ។ កម្មវិធីនេះនឹងបង្ហាញពីសមិទ្ធផលរបស់យុវជន ភាពយន្តឯកសារខ្លីៗអំពីការសហការឆ្លងវប្បធម៌ និងការឡើងធ្វើបទបង្ហាញផ្ទាល់របស់ក្រុមនីមួយៗ ដែលសបញ្ជាក់ពីសក្តានុពលរបស់យុវជនកម្ពុជាក្នុងតំបន់។
សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អាចចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នេះ នៅថ្ងៃទី១៧ ខែកក្កដា វេលាម៉ោង ១០:០០ ព្រឹក តាមរយៈប៉ុស្តិ៍អន្តរជាតិ CCTV-4 និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលពាក់ព័ន្ធនានា៕





