ខួប៣៣ឆ្នាំ ទិវាបង្កើតកងរាជអាវុធហត្ថ៖ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្តល់អំណោយដល់យោធិនចូលនិវត្តន៍
15-07-2026 16:09
(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីជួបសំណេះសំណាលយ៉ាងកក់ក្តៅជាមួយយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនពលី មរណៈ នៃកងរាជអាវុធហត្ថ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦)។
ថ្លែងនៅអគារទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានគូសបញ្ជាក់ថា ពិធីជួបជុំសាមគ្គីនេះ ត្រូវបានរៀបចំឡើងក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងសម្ភារ ថវិការបស់នាយឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភជូនដល់យោធិនចូលនិវត្តន៍ និងគ្រួសារយោធិនពលី មរណៈ សរុបចំនួន ៣០ នាក់។ ក្នុងម្នាក់ៗទទួលបានថវិកា ២០០,០០០ រៀល រួមជាមួយអង្ករ ទឹកសុទ្ធ ភេសជ្ជៈ មី ទឹកត្រី និងទឹកស៊ីអុីវ។
បន្ថែមលើនេះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ក៏បានរៀបចំការពិសាអាហារសាមគ្គីយ៉ាងស្និទ្ធស្នាលចំនួន ២៥ តុ ដល់យោធិនចូលនិវត្តន៍ គ្រួសារយោធិនពលី មរណៈ រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហានជំនាន់ក្រោយ សរុបចំនួន ១១៧ នាក់។
ពិធីទាំងមូលបានចំណាយថវិកាអស់ជាង ៥៤,០០០,០០០ រៀល។ កាយវិការដ៏ថ្លៃថ្លានេះ បានបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវីរៈភាព និងការលះបង់របស់យោធិនកងរាជអាវុធហត្ថគ្រប់រូប ក្នុងការបម្រើជាតិ និងប្រជាជន៕






















