FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋងាយរងគ្រោះបំផុត ១០គ្រួសារ រស់នៅឃុំជ្រៃ និងឃុំតាលាស់ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី

15-07-2026 15:56

(បាត់ដំបង)៖ លោក ឡុង សុភឺន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកមោងឬស្សី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតរួមមាន ជនចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ ដែលជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន ១០គ្រួសារ នៅឃុំជ្រៃ និងឃុំតាលាស់ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

នាឱកាសនោះលោក ឡុង សុភឺន បានពាំនាំនូវប្រសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។

ជាមួយគ្នានេះលោកអនុប្រធានអនុសាខាស្រុក បានផ្តាំផ្ញើបងប្អូនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យឱ្យបានល្អ ជាពិសេសត្រូវបរិភោគឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថាន និងជីវៈចម្រុះនៅទីនេះឱ្យបានគង់វង្ស។ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ និងសូមប្រុងប្រយ័ត្នក្មេង សត្វ អាសិរពិសផ្សេងៗ និងត្រៀមបង្ការពី ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាស និងចូលគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។

លោក ឡុង សុភឺន បានគូសបញ្ជាក់ថា បើទោះបីជាប្រជាពលរដ្ឋមានជីវភាព លំបាកយ៉ាងណាក៏ដោយ ក៏សូមឱ្យប្រជាពលរដ្ឋខិតខំជម្នះការលំបាក តស៊ូ ជំរុញកូនរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ពលរដ្ឋងាយរងគ្រោះបំផុត ១០គ្រួសារ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បាននាំយកអំណោយផ្តល់ជូនរួមមាន៖ អង្ករ ២០គីឡូក្រាម, ឃីត១កញ្ចប់, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ី ១យួរ, មី ១កេស, ថវិកា ២ម៉ឺនរៀលផងដែរ៕