ក្រសួងព័ត៌មានកម្ពុជា និងមន្ទីរឃោសនាការខេត្តយូណានរបស់ចិន ជួបពិភាក្សាអំពីការជំរុញការអនុវត្ត MoU ស្តីពីការលើកកម្ពស់វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន
15-07-2026 15:51
(ចិន)៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីរវាងក្រសួងព័ត៌មានកម្ពុជា និងមន្ទីរឃោសនាការខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរវាងភាគីទាំងពីរតាម រយៈគម្រោងសំណើរបស់ក្រសួងព័ត៌មានកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី ជឹង យៀន សមាជិកអចិន្ត្រៃយ៍ និងជាប្រធានមន្ទីរឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន ថ្នាក់ដឹកនាំនៃមន្ទីរឃោសនាការខេត្តយូណាន ព្រមទាំងសមាជិកសមាជិកាគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំ លោកប្រាក់ ថាវអមិដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរឃោសនាការខេត្តយូណាន ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ការគាំទ្រ និងកិច្ចសហការល្អជាមួយ ក្រសួង ព័ត៌មានកម្ពុជា នាពេលកន្លងមកជាពិសេសក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ការផ្លាស់ប្តូរព័ត៌មាន ការផ្សព្វផ្សាយអំពីវប្បធម៌ទេសចរណ៍ និងការជំរុញការយល់ដឹងទៅវិញទៅមករវាងប្រជាជន នៃប្រទេសទាំងពីរ។ ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងខេត្តយូណាន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយការយល់ដឹង ការជឿទុកចិត្ត ការគាំទ្រពីសាធារណជន និង ការ បង្ហាញ សមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកបានបន្តថា កាលពីខែធ្នូ ឆ្នាំ២០២៤ ក្រសួងព័ត៌មានកម្ពុជា និងមន្ទីរឃោសនាការខេត្តយូណាន បានចុះអនុស្សរណៈនៃ ការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
អនុស្សរណៈនេះ មានគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានរវាងប្រទេសកម្ពុជា-ចិន ជាពិសេសខេត្តយូណាន ឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាពក៏ដូចជា ការកសាងសមត្ថភាពធនធានមនុស្សការផ្លាស់ប្តូរបទពិសោធ និងការគាំទ្រកិច្ចសហប្រតិបត្តិការរវាងអង្គភាពបច្ចេកទេសក្រោមឱវាទរបស់ភាគីទាំងពីរ។
ដើម្បីប្រែក្លាយអនុស្សរណៈនេះ ពីឯកសារជាគោលការណ៍ទៅជាការ អនុវត្ត សកម្មភាពជាក់ស្តែង ក្រសួង ព័ត៌មានកម្ពុជា បានរៀបចំគម្រោងសំណើមួយដាក់ជូនភាគីយូណានពិនិត្យ និងពិភាក្សា។ គម្រោង នេះ ត្រូវបានចាត់ទុកជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តអនុស្សរណៈឱ្យ ទទួល បាន លទ្ធផលពិតប្រាកដ អាច វាស់វែងបាន និងដើម្បី ជា ប្រយោជន៍រួមដល់ ប្រជាជននៃភាគីទាំងពីរ។
គម្រោងសំណើរបស់ក្រសួងព័ត៌មានកម្ពុជា ផ្តោតលើសមាសភាគ សំខាន់ៗចំនួន៤ រួមមាន៖
*ទី១៖ ការ ផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន អ្នកគ្រប់គ្រង និងអ្នកបច្ចេកទេសនៃ ភាគីទាំងពីរ បានសិក្សាផ្លាស់ប្តូរបទពិសោធនិង បង្កើតទំនាក់ទំនងការងារជាក់លាក់*ទី២៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន អ្នកផលិតកម្មវិធី និងមន្ត្រីបច្ចេកទេស ជាពិសេសលើការផលិតមាតិកាទំនើប ការផ្សព្វផ្សាយពហុវេទិកាការផ្ទៀងផ្ទាត់ព័ត៌មាន និងការឆ្លើយតប ព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេល*ទី៣៖ ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ជាពិសេសការធ្វើទំនើបកម្មម៉ាស៊ីនផ្សាយអា-អឹមរបស់វិទ្យុជាតិកម្ពុជា និងទី៤៖ការផលិត និងផ្លាស់ប្តូរមាតិកាព័ត៌មាន និង កម្មវិធី ផ្សព្វ ផ្សាយ រួម ដើម្បីផ្សព្វផ្សាយអំពីមិត្តភាពកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការកម្ពុជា-យូណាន សក្តានុពល សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងសមិទ្ធផលអភិវឌ្ឍន៍របស់ភាគីទាំងពីរ។
ក្នុងចំណោមសមាសភាគទាំងនេះ ក្រសួងព័ត៌មានកម្ពុជា បានផ្តោតសំខាន់លើការធ្វើទំនើបកម្មប្រព័ន្ធផ្សាយអា-អឹមរបស់វិទ្យុជាតិកម្ពុជា។
លោក ប្រាក់ ថាវអមិដា បានលើកឡើងថា វិទ្យុជាតិកម្ពុជា គឺជាបណ្តាញផ្សព្វផ្សាយសាធារណៈដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ព័ត៌មានផ្លូវការការអប់រំសាធារណៈ ការផ្សព្វផ្សាយអំពី វប្បធម៌ជាតិ ការបញ្ជូនសារសំខាន់ៗរបស់រាជរដ្ឋាភិបាល និងការបម្រើប្រជាពលរដ្ឋទូទាំងប្រទេស។
លោកបានបញ្ជាក់ថា ទោះបីបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ប្រព័ន្ធ ផ្សាយអា-អឹមនៅតែមានតួនាទីសំខាន់សម្រាប់តំបន់ជនបទ តំបន់ឆ្ងាយ តំបន់ព្រំដែន និងស្ថានភាពបន្ទាន់ ដូចជា៖ គ្រោះមហន្តរាយធម្មជាតិ វិបត្តិសង្គម ឬការផ្សព្វផ្សាយសារបន្ទាន់របស់រាជរដ្ឋាភិបាល។ ដូច្នេះ ការធ្វើទំនើបកម្មប្រព័ន្ធនេះ មិនត្រឹមតែជាការកែលម្អបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពផ្សព្វផ្សាយសាធារណៈរបស់រដ្ឋការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងការពង្រឹងភាពធន់នៃប្រព័ន្ធព័ត៌មានជាតិ។
ក្នុងន័យនេះក្រសួងព័ត៌មានកម្ពុជា បានស្នើឱ្យភាគីយូណានពិនិត្យលទ្ធភាពគាំទ្រលើការបញ្ជូនក្រុមជំនាញបច្ចេកទេសមកវាយតម្លៃប្រព័ន្ធអា-អឹមរបស់វិទ្យុជាតិកម្ពុជា ការផ្តល់ជំនួយបច្ចេកទេស និងអនុសាសន៍លើការរចនាប្រព័ន្ធផ្សាយ ការពិនិត្យលទ្ធភាពផ្គត់ផ្គង់ម៉ាស៊ីនផ្សាយអា-អឹម និង ឧបករណ៍ពាក់ព័ន្ធព្រមទាំងការបណ្តុះបណ្តាលវិស្វករ និងមន្ត្រីបច្ចេកទេសនៅកម្ពុជា ឬនៅខេត្តយូណាន។
ជាមួយគ្នានេះ ក្រសួងព័ត៌មានកម្ពុជា ក៏បានស្នើឱ្យភាគីចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរមាតិកាវិទ្យុកម្មវិធីវប្បធម៌ ការផលិតកម្មវិធីរួមគ្នាការផ្សព្វផ្សាយសមិទ្ធផលកម្ពុជា-ចិន ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការបង្កើត ឧបករណ៍បច្ចេកវិទ្យារួមសម្រាប់ការផ្ទៀងផ្ទាត់ និងតាមដានព័ត៌មានក្លែងក្លាយ។
ជាការឆ្លើយតប លោកស្រី ជឹង យៀន បានសម្តែងការគាំទ្រ ចំពោះគម្រោងសំណើរបស់ក្រសួងព័ត៌មានកម្ពុជា និងបានវាយតម្លៃថាសំណើនេះមានទិសដៅច្បាស់លាស់ស្របតាមស្មារតី និងគោលបំណងនៃអនុស្សរណៈនៃការយោគយល់ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០២៤។
លោកស្រីបាន បញ្ជាក់ ពី ការត្រៀមខ្លួនរបស់ភាគីយូណានក្នុងការបន្តសម្របសម្រួល និងពិនិត្យលទ្ធភាពគាំទ្រសកម្មភាព សហប្រតិបត្តិការដែលអាចអនុវត្តបានជាក់ស្តែង និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងព័ត៌មានកម្ពុជា។
លោកស្រី ជឹង យៀន ក៏បានជំរុញឱ្យអង្គភាពជំនាញពាក់ព័ន្ធនៃភាគីទាំងពីរ បន្តពិភាក្សាលម្អិត ដើម្បី កំណត់សកម្មភាពអាទិភាព រៀបចំផែនការអនុវត្ត និងកាលវិភាគឱ្យបានច្បាស់លាស់ ដើម្បីធានាថា អនុស្សរណៈនៃការយោគយល់នេះ មិនមែនត្រឹមតែជាឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានប្រែក្លាយទៅជាកម្មវិធី គម្រោង និងសកម្មភាពជាក់ស្តែងដែលផ្តល់លទ្ធផលប្រកបដោយប្រសិទ្ធភាព និងផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ។
តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងអាចកំណត់ទិសដៅអនុវត្តជាក់ស្តែង ដើម្បីប្រែក្លាយអនុស្សរណៈនៃការយោគយល់ដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ២០២៤ ទៅជាការអនុវត្តជាក់ស្តែង និងទទួលបានលទ្ធផលពិតប្រាកដ។
លទ្ធផលទាំងនេះ នឹងរួមចំណែកដល់ការកែលម្អគុណភាព និងស្ថិរភាពនៃការផ្សាយ របស់វិទ្យុជាតិកម្ពុជា ការពង្រីកវិសាលភាពផ្សាយទៅកាន់តំបន់ជនបទ និងតំបន់ឆ្ងាយការកសាងសមត្ថភាពមន្ត្រីបច្ចេកទេស និងអ្នកសារព័ត៌មាន ការផលិតកម្មវិធីរួមរវាងកម្ពុជា-ចិន និងការពង្រឹងការយល់ដឹង រវាងប្រជាជននៃភាគីទាំងពីរ។
ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែមានភាពជាក់ស្តែងប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសាធារណៈក្នុងយុគសម័យឌីជីថល៕










