ប្រកាសចូលកាន់មុខតំណែង ប្រធាន និងអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
15-07-2026 15:17
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន និងអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងនោះដែរ លោកស្រីឱសថការី លាក់ ឡាំលាវ ជាប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ឯក សុខុម ជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មី ជំនួសលោកវេជ្ជបណ្ឌិត ប៉ែន ផល្គុន អតីតប្រធានមន្ទីរពេទ្យបង្អែកខេត្ត ដែលត្រូវចូលនិវត្តន៍។
ថ្លែងក្នុងឱកាសនោះ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកកម្ពស់ វិស័យសុខាភិបាល សុខភាព អនាម័យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅទូទាំងខេត្តសៀមរាប និងមកពីបណ្តាខេត្តជិតខាង។
លោកបានបន្តថា ជាពិសេសគឺក្រុមគ្រូពេទ្យទាំងអស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា (កងទ័ពអាវស) ជួយសង្គ្រោះអាយុជីវិតកងទ័ព និងប្រជាពលរដ្ឋ ដែលរងរបួសដោយសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ព្រមទាំងចូលរួមគាំទ្រលើផ្នែកសុខភាព អនាម័យ ការពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព និងតាមសហគមន៍ផងដែរ។
លោកអភិបាលរងខេត្ត បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តសៀមរាប លោកសូមសម្តែងនូវការអបអរសាទរចំពោះលោកស្រី លាក់ ឡាំលាវ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជំនួសលោក ប៉ែន ផល្គុន អតីតប្រធានមន្ទីរពេទ្យបង្អែកខេត្ត ដែលត្រូវចូលនិវត្តន៍ ដើម្បីបន្តនិរន្តរភាពការងារក្នុងការដឹកនាំ ស្របតាមគោលការណ៍ច្បាប់លិខិតបទដ្ឋាន គតិយុត្ត និងមានការត្រួតពិនិត្យវាយតម្លៃប្រកបដោយតម្លាភាព សុច្ចរិតភាព និងស្របតាមបែបបទនីតិវិធីច្បាប់។
លោក ព្រឹម រដ្ឋា បញ្ជាក់ថា លោកវេជ្ជបណ្ឌិត ប៉ែន ផល្គុន កន្លងមកតែងតែសហការ និងមានទំនាក់ទំនងយ៉ាងល្អជាមួយមន្ត្រី ព្រមទាំង មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសការគោរពនិងអនុវត្តតួនាទី យ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចការដែលខ្លួនទទួលបន្ទុកផ្ទាល់ សម្រេចបាននូវសមិទ្ធផល និងស្នាដៃធំៗជាបន្តបន្ទាប់ជូនមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក ដើម្បីអភិវឌ្ឍប្រទេសជាតិ។
លោកអភិបាលរងខេត្ត ក៏បានណែនាំឲ្យលោកស្រីប្រធានមន្ទីរពេទ្យដែលទើបតែងតាំងថ្មី សូមបន្តខិតខំប្រឹងប្រែងអនុវតតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងរៀបចំលក្ខណៈសម្បត្តិ និងការអភិវឌ្ឍខ្លួនឱ្យបានពេញលេញក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ដោយបន្តខិតខំពង្រឹង សមត្ថភាព ចំណេះដឹង ដើម្បីបន្តគ្រប់គ្រង ដឹកនាំចាត់ចែងកិច្ចការជំនាញនៅក្នុងមន្ទីរពេទ្យ ឲ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនបន្ថែមទៀត។
លោកបន្ថែមថា រាជរដ្ឋាភិបាល ក៏បានផ្តោតយកចិត្តទុកដាក់លើ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» តាមរយៈការធ្វើទំនើបកម្ម និងការពង្រឹងប្រព័ន្ធសុខាភិបាល ដែល ជាចំណុចគន្លឹះសំខាន់ក្នុងការកសាងអភិវឌ្ឍន៍មូលធនមនុស្ស ដែលជាគន្លឹះអាទិភាពសំខាន់ទី១ ក្នុងចំណោមគន្លឹះអាទិភាពចំនួន៥ គឺមនុស្ស, ផ្លូវ,ទឹក, ភ្លើង និងបច្ចេកវិទ្យា។
លោក ព្រឹម រដ្ឋា បញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវចក្ខុវិស័យខាងលើ ក្នុងនាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីមុខងារសាធារណៈគ្រប់លំដាប់ថ្នាក់ និងមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ (ដ៏មុតស្រួច)ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងសមធម៌, មានក្រមសីលធម៌ និងអាកប្បកិរិយាល្អ, ប្រសិទ្ធភាពនៃការគ្រប់គ្រង និងយកចិត្តទុកដាក់ជាប់ជាប្រចាំនូវអភិក្រមទាំង៥ គឺ៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល,ព្យាបាល, និងវះកាត់ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តតួនាទី ភារកិច្ច ការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងគុណភាព។
ជាមួយនេះដែរ លោកស្រីឱសថការី លាក់ ឡាំលាវ បានប្តេជ្ញាថា នឹងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល ដោយរក្សានូវផលប្រយោជន៍ជាតិ មាតុភូមិ និងផលប្រយោជន៍រួមរបស់ប្រជាជន និងអង្គភាពជាធំ។ ព្រមទាំងខិតខំរួមចំណែកអនុវត្តឱ្យបានសកម្មនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងកម្មវិធីកំណែទម្រង់នានា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងការយកចិត្តទុកដាក់ផ្ទាល់របស់ក្រសួងសុខាភិបាល៕






















