រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារថែទាំផ្លូវ ២គម្រោង នៅខេត្តកំពង់ចាម
15-07-2026 15:09
(កំពង់ចាម)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណាក់កាលទី១ លើការងារថែទាំ ប្រចាំផ្លូវ និងការងារថែទាំខួបផ្លូវ ចំនួន ២គម្រោង ក្នុងខេត្តកំពង់ចាម។
ដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីលោក លឹម អ៊ីវ អនុរដ្ឋលេខាធិការ លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការ និងលោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាមផងដែរ។
ក្នុងបេសកកម្មនេះ ក្រុមការងារបានចុះពិនិត្យគម្រោងទី១ គឺការងារថែទាំជាប្រចាំផ្លូវចំនួន ៩ខ្សែ ប្រវែងសរុប ៨៨,៣៧០ម៉ែត្រ រួមមានផ្លូវក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ និងផ្លូវក្រាលល្បាយគ្រួស ចំនួន ២ខ្សែ ដែលស្ថិតនៅ ក្នុងស្រុកព្រៃឈរ ស្រុកចំការលើ ស្រុកស្ទឹងត្រង់ ស្រុកជើងព្រៃ និងស្រុកកំពង់សៀម។
បន្ទាប់មក ក្រុមការងារបានបន្តទៅពិនិត្យគម្រោងទី២ គឺការងារថែទាំខួបផ្លូវ ដោយក្រាលល្បាយគ្រួសចំនួន ១ខ្សែ ប្រវែង ១១,៧០០ម៉ែត្រ និងស្ថាបនាលូមូលមុខមួយចំនួន ស្ថិតនៅក្នុងឃុំដងក្តារ និងឃុំអូរម្លូ ស្រុកស្ទឹងត្រង់។
លោក ប៊ុន ច័ន្ទវណ្ណៈ បានសង្កត់ធ្ងន់ថា ផ្លូវមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ សិស្សសាលាទៅរៀន ដឹកជញ្ជូនកសិផល និងជាពិសេសជួយសម្រួលដល់ស្ត្រីមានផ្ទៃពោះ ក្នុងការទៅមន្ទីរពេទ្យទាន់ពេលវេលា។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
លោករដ្ឋលេខាធិការក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមជួយថែរក្សាផ្លូវទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕













