រដ្ឋបាលខេត្តក្រចេះ ជំរុញយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាម តាមរយៈការដាក់ថ្នាំអាបេត និងបាញ់ថ្នាំមូស
15-07-2026 15:07
(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តក្រចេះ បានបន្តយុទ្ធនាការចុះដាក់ថ្នាំអាបេត និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម នៅក្នុងរដូវវស្សានេះ។
យុទ្ធនាការនេះ ដឹកនាំដោយលោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។
លោកស្រីអភិបាលរងខេត្ត និងលោកប្រធានមន្ទីរសុខាភិបាល បានជំរុញមន្ត្រីជំនាញ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការដើរដាក់ថ្នាំអាបេតតាមពាងទឹក អាងទឹក និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមផ្ទះប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដែលផ្ទុះជំងឺគ្រុនឈាមច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក៏បានចុះជួបសំណេះសំណាល និងអប់រំផ្សព្វផ្សាយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋ អំពីវិធានការការពារខ្លួនពីជំងឺគ្រុនឈាម ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរ និងមន្ត្រីជំនាញសុខាភិបាល ក្នុងការលុបបំបាត់ជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាពខ្ពស់។
មន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវវិធានការ «៣ការពារ» រួមមាន៖ ការពារសមាជិកគ្រួសារដោយគេងក្នុងមុង, ការពារការកកើតមូសខ្លាដោយលុបបំបាត់ជម្រកដង្កូវទឹក និងការពារបរិស្ថានជុំវិញផ្ទះដោយកាប់ឆ្ការព្រៃ និងប្រមូលកប់ចោលវត្ថុដក់ទឹក។
លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ក៏បានអំពាវនាវដល់អាជីវករលក់ដូរសំបកកង់ឡាន/ម៉ូតូ ឱ្យមានការប្រុងប្រយ័ត្ន និងគ្របដណ្តប់សំបកកង់ទាំងនោះឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យក្លាយជាជម្រកពងកូនមូសខ្លា។ ថ្វីត្បិតតែស្ថានភាពជំងឺគ្រុនឈាមនៅខេត្តក្រចេះ មិនទាន់ផ្ទុះឡើងខ្លាំងដូចឆ្នាំមុនៗក៏ដោយ ក៏ការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ តម្រូវឱ្យមានវិធានការការពារទាន់ពេលវេលា ដើម្បីសុខភាពសាធារណៈ៕





