រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជួបពិភាក្សាការងារជាមួយអង្គការទឹកស្អាត ១០០១ ដើម្បីជំរុញការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ
15-07-2026 13:51
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Amandine Chaussinand នាយិកាគ្រប់គ្រងអង្គការទឹកស្អាត១០០១ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងជំនួបនេះ លោកស្រី Amandine Chaussinand ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍លោក និងសហការីយ៉ាងកក់ក្តៅនាឱកាសនេះ។ លោកស្រីបានរាយការណ៍ជូនលោករដ្ឋមន្ត្រីអំពីដំណើការរបស់អង្គការទឹកស្អាត ១០០១ ដែលចាប់ផ្តើមដំណើរពីឆ្នាំ ២០០៥ រហូតមកដល់ពេលបច្ចុប្បន្ន និងកំពុងមានប្រតិបត្តិការក្នុងខេត្តគោលដៅចំនួន ១៨នៅទូទាំងប្រទេស។
លោកស្រីបានបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៥ មានប្រជាជនរស់នៅតំបន់ជនបទប្រមាណ ១លានអ្នកប្រើប្រាស់ទឹកស្អាត ដែលផលិតដោយអង្គការរៀងរាល់ថ្ងៃ។ ជាងនេះទៅទៀត អង្គការបានផ្តល់ទឹកសុទ្ធជូនដល់សាលារៀនជាង ១០០០កន្លែង ក្នុងខេត្តចំនួន ១៨ ដែលអាចឱ្យកុមាប្រមាណ ៣៦ម៉ឺននាក់ បរិភោគទឹកស្អាតជារៀងរាល់ថ្ងៃផងដែរ។ លោកស្រី និងសហការី ក៏បានជម្រាបជូនអំពីផែនការសកម្មភាព ៥ឆ្នាំទៅមុខរបស់អង្គការជូនដល់ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទផងដែ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រី នាយិកា និងសហការី នៃអង្គកាទឹកស្អាត ១០០១ ដែលអញ្ជើញមក និងបានធ្វើរបាយការណ៍យ៉ាងក្បោះក្បាយអំពីដំណើរការរបស់អង្គការជូនអង្គពិធីក្នុងឱកាសនេះ។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលប្រសូតចេញការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការមួយរបស់រាជរដ្ឋាភិបាលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដោយបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៥។ យុទ្ធសាស្ត្រ ១ ក្នុងចំណោមយុទ្ធសាស្ត្រទាំង៥ គឺផ្តោតលើការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋជនបទ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយបរិយាបន្ននិងភាពធន់ និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាត ដែលធ្វើឱ្យប្រជាជនមានសុខភាពល្អ និងអាយុសង្ឃឹមរស់កាន់តែវែង។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គការ និងភាពជាដៃគូរដ៏ល្អ ក្នុងកិច្ចសហការណ៍ជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ នាពេលកន្លងមក។ មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះលោកស្រីនាយិកា និងសហការី ដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទ ពិសេសការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ ដែលធ្វើឱ្យក្រសួងអាចសម្រេចបានគោលដៅ ប្រជាពលរដ្ឋរស់នៅតំបន់ជនបទមានទឹកស្អាតប្រើប្រាស់ ១០០% នៅឆ្នាំ ២០៣០៕




















