ឧកញ៉ា តែ តាំងប៉ ដឹកនាំ FASMEC ចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំតំបន់ នៃភាពជាដៃគូត្រៀមបម្រុងអាស៊ី លើកទី១០ នៅកម្ពុជា
15-07-2026 13:47
(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំតំបន់ នៃភាពជាដៃគូត្រៀមបម្រុងអាស៊ី លើកទី១០ (The 10th Asian Preparedness Partnership Regional Steering Committee Meeting - 10th APP RSC) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។
កិច្ចប្រជុំថ្នាក់តំបន់នេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកចំនួន៧ រួមមាន កម្ពុជា ឡាវ នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា និងមីយ៉ាន់ម៉ា សរុបប្រមាណ៧០រូប ដើម្បីពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការត្រៀមបម្រុង និងភាពធន់ក្នុងការឆ្លើយតបនឹងហានិភ័យ និងគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ី។
កិច្ចប្រជុំនេះ ផ្តោតលើគោលបំណងសំខាន់ៗ រួមមាន ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពរបស់ភាពជាដៃគូត្រៀមបម្រុងថ្នាក់ជាតិ ការពង្រឹងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងការកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលបន្ទាប់ ដើម្បីលើកកម្ពស់ការត្រៀមបម្រុង និងភាពធន់របស់សហគមន៍ និងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
ការចូលរួមរបស់ឧកញ៉ា តែ តាំងប៉ ក្នុងនាមជាប្រធាន FASMEC បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធសមាគម ក្នុងការចូលរួមជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ភាពធន់របស់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) និងពង្រឹងការត្រៀមខ្លួនឆ្លើយតបចំពោះបញ្ហាប្រឈមនានា សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា និងតំបន់៕










