FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន បង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការគ្រប់គ្រងសំណល់រាវ​ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិចំនួន ៦៤ក្រុមហ៊ុន

15-07-2026 10:19

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានប្រកាសពីវឌ្ឍនភាពដ៏សំខាន់ក្នុងការគ្រប់គ្រង និងតាមដានការបញ្ចេញសំណល់រាវពីក្រុមហ៊ុននានា ដោយបានបំពាក់ឧបករណ៍ស្វ័យប្រវត្តិពិនិត្យសំណល់រាវចំនួន ៦៤ក្រុមហ៊ុន។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការការពារបរិស្ថាន និងធានានិរន្តរភាពនៃការអភិវឌ្ឍ។

ក្នុងថ្ងៃជាមួយគ្នានេះ បរិមាណសំណល់រាវដែលបានសម្អាតរួចប្រចាំថ្ងៃពីឧបករណ៍ស្វ័យប្រវត្តិពិនិត្យ និងគ្រប់គ្រងទិន្នន័យបានកើនឡើងដល់ ៧១.៣៩៥ម៉ែត្រគូប ដែលបង្ហាញពីសមត្ថភាពដ៏ប្រសើរក្នុងការកែច្នៃ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

ក្នុងចំណោមក្រុមហ៊ុនទាំង ៦៤ក្រុមហ៊ុន គឺមាន ៤៩ក្រុមហ៊ុន​​​ ដែលបានអនុលោមតាមកម្រិតស្តង់ដារកំណត់ (ពណ៌បៃតង) ដែលជាសញ្ញាណវិជ្ជមានមួយបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់វិស័យឯកជនក្នុងការចូលរួមចំណែកការពារបរិស្ថាន។

ទន្ទឹមនឹងនេះ មានក្រុមហ៊ុនចំនួន ២ក្រុមហ៊ុន (ពណ៌លឿង) កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលក្រុមហ៊ុនចំនួន ១៣ ក្រុមហ៊ុនផ្សេងទៀត (ពណ៌ស) កំពុងស្ថិតក្នុងដំណាក់កាលជួសជុលប្រព័ន្ធរបស់ខ្លួន ដើម្បីធានាថាការបញ្ចេញសំណល់រាវរបស់ពួកគេនឹងអនុលោមតាមស្តង់ដារដែលបានកំណត់។ គួរកត់សម្គាល់ថា មិនមានក្រុមហ៊ុនណាមួយ (ពណ៌ក្រហម) ដែលកំពុងស្ថិតក្រោមការចុះត្រួតពិនិត្យដោយសារការមិនអនុលោមនោះទេ ដែលនេះជាសូចនាករមួយបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការសហការល្អរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។

ការបំពាក់ឧបករណ៍ស្វ័យប្រវត្តិទាំងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធានាគុណភាពទឹក និងសុខភាពសាធារណៈ ក៏ដូចជាការលើកកម្ពស់កិត្តិនាមកម្ពុជាក្នុងឆាកអន្តរជាតិ ក្នុងការគ្រប់គ្រងបរិស្ថានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ចំណាំ៖ - pH : Potential Hydrogen (ខ្នាតរង្វាស់កំហាប់អុីយ៉ុងអុីដ្រូសែននៅក្នុងទឹក មានតម្លៃចន្លោះពី០ ទៅ១៤ វាបញ្ជាក់ពីកម្រិតអាសុីតឬបាសនៃទឹក) - COD : Chemical Oxygen Demand (តម្រូវការអុកសុីសែនបែបគីមី ជារង្វាស់បរិមាណអុកសុីសែន ដែលត្រូវការសម្រាប់បំបែកសារធាតុសរីរាង្គនៅក្នុងទឹក) - TSS : Total Suspended Solids (សារធាតុរឹងអណ្តែតក្នុងទឹកសរុប)៕