World Cup 2026៖ អង់គ្លេស យកឈ្នះអាហ្សង់ទីន ៣ដង ពីប្រវត្តិជួបគ្នា ៥លើកកន្លងមកនៅ World Cup
15-07-2026 08:16
(បរទេស)៖ យោងតាមប្រវត្តិធ្លាប់ជួបគ្នាកន្លងមក តោកំណាចអង់គ្លេសតែងតែធ្វើបានល្អរាល់ពេលជួបអាហ្សង់ទីន ក្រុមមកពីតំបន់អាមេរិកឡាទីន ពោលគឺបានយកឈ្នះដល់ទៅ ៣ដង និងចាញ់ ២ដងផងដែរពីការជួបគ្នា ៥លើកនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។
អង់គ្លេស ក្រុមនៅទ្វីបអឺរ៉ុប ត្រូវប្រឈមមុខនឹងអាហ្សង់ទីន ម្ចាស់ការពារតំណែងជើងឯកនាម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដានៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។
ជារួមសម្រាប់ក្រុមនៅ ២តំបន់ផ្សេងគ្នានេះ ធ្លាប់ពើបប្រទះគ្នាសរុបដល់ទៅ ១៤លើក គិតចាប់ពីឆ្នាំ១៩៥១ និងមកដល់ឆ្នាំ២០០៥ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ និងកម្មវិធី ៤ឆ្នាំម្តង World Cup ជាដើម។ អង់គ្លេស យកឈ្នះអាហ្សង់ទីន ៦ដង ស្មើ ៥ដង និងចាញ់ ៣ដង។
បច្ចុប្បន្ន អង់គ្លេសជាក្រុមឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking នៅពេលអាហ្សង់ទីន ឈរលេខ២ បន្ទាប់ពីបារាំង។
វាមានរយៈពេល ២១ឆ្នាំមកហើយដែលតោកំណាចអង់គ្លេស និងពពកសអាហ្សង់ទីន ខកខានជួបគ្នា និងជាការប្រឈមមុខដាក់គ្នាលើកដំបូងរបស់ខ្សែប្រយុទ្ធ Lionel Messi ផងដែរ បន្ទាប់ពីអាហ្សង់ទីន អតីតជើងឯក World Cup ៣សម័យធ្លាប់ចាញ់អង់គ្លេស ២លើកចុងក្រយ។
អង់គ្លេស អតីតជើងឯក World Cup តែមួយលើកគត់កាលឆ្នាំ១៩៦៦ បានយកឈ្នះអាហ្សង់ទីន ១-០ កាលជួបគ្នាលើកទី៥ នៅពានធំលំដាប់ពិភពលោកនេះដែលមានកូរ៉េខាងត្បូង និងជប៉ុនធ្វើម្ចាស់ផ្ទះរួមគ្នា និង ៣ឆ្នាំបន្ទាប់យកឈ្នះ ៣-២ ម្តងទៀតលក្ខណៈ International Friendly។
គួររំលឹកនូវប្រវត្តិឈឺចាប់ផងដែរ ដែលអង់គ្លេសបានចាញ់អាហ្សង់ទីន ២-១ កាល World Cup 1986 ដែលមានមិចស៊ិកធ្វើម្ចាស់ផ្ទះ ហើយកាលនោះអាហ្សង់ទីនឈ្នះជើងឯក។ អង់គ្លេសបានចាញ់អាហ្សង់ទីន ២-១ ក្នុងវគ្គ ៨ក្រុម នៅពេលដែល Diego Maradona រកបាន ២គ្រាប់ និងមាន ១គ្រាប់យកដៃវាយបញ្ចូលទីដ៏ចម្រូងចម្រាស់ និងមិនអាចបំភ្លេចបានឡើយសម្រាប់អង់គ្លេស ដោយត្រូវបានគេចាត់ទុកថា "hand of god" ថែមទៀតផង។
ស្ថិតិ ៦ប្រកួតរបស់អង់គ្លេសនៅ World Cup 2026
អង់គ្លេស ៤-២ ក្រូអាត
អង់គ្លេស ០-០ ហ្គាណា
អង់គ្លេស ២-០ ប៉ាណាម៉ា
អង់គ្លេស ២-១ កុងហ្គោ
អង់គ្លេស ៣-២ មិចស៊ិក
អង់គ្លេស ២-១ ន័រវែស (ម៉ោងថែម ១៥នាទី ២ដង)។
ស្ថិតិ ៦ប្រកួតរបស់អាហ្សង់ទីននៅ World Cup 2026
អាហ្សង់ទីន ៣-០ អាល់ហ្សេរី
អាហ្សង់ទីន ២-០ អូទ្រីស
អាហ្សង់ទីន ៣-១ ហ្ស៊កដានី
អាហ្សង់ទីន ៣-២ កាប់វ៉េ (ម៉ោងថែម ១៥នាទី ២ដង)
អាហ្សង់ទីន ៣-២ អេហ្ស៊ីប
អាហ្សង់ទីន ៣-១ ស្វីស (ម៉ោងថែម ១៥នាទី ២ដង)៕


