ក្រសួងបរិស្ថាន ចាត់វិធានការលើសិប្បកម្មជីសរីរាង្គ «ជុង ហេង» ករណីបង្កផលប៉ះពាល់បរិស្ថាន
14-07-2026 22:31
(ភ្នំពេញ)៖ មន្ត្រីជំនាញក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះអនុវត្តច្បាប់លើសិប្បកម្មផលិតជីសរីរាង្គ «ជុង ហេង» ដែលមានទីតាំងនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថា សិប្បកម្មនេះបានបង្កបញ្ហាក្លិនស្អុយ និងគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។
ការចុះត្រួតពិនិត្យនេះ ដោយមានការចូលរួមពីក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន រួមជាមួយអាជ្ញាធរមូលដ្ឋាន បានរកឃើញថា សិប្បកម្ម «ជុង ហេង» ដែលកែច្នៃសំណល់ស្វាយធ្វើជាជីសរីរាង្គ បានបណ្តាលឱ្យមានសំណល់រាវហូរចូលប្រឡាយទឹកសាធារណៈ។ ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជំនាញបានតម្រូវឱ្យសិប្បកម្មផ្អាកការនាំចូលសំណល់ស្វាយជាបណ្តោះអាសន្ន រហូតមានការសម្រេចជាថ្មីពីស្ថាប័នមានសមត្ថកិច្ច។
លើសពីនេះ ក្រុមការងារក្រសួងបរិស្ថានក៏បានតម្រូវឱ្យសិប្បកម្មនេះ ត្រូវប្រមូលសម្អាតសំណល់ទាំងអស់ដែលបានចាក់នៅក្រៅទីតាំងឱ្យបានរួចរាល់ក្នុងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃចុះអនុវត្តច្បាប់នេះតទៅ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថានជាបន្តទៀត។ សិប្បកម្មនឹងត្រូវទទួលពិន័យអន្តរការណ៍ និងតម្រូវឱ្យគោរពច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាបាននូវការការពារបរិស្ថានប្រកបដោយនិរន្តរភាព៕













