ប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចការងារនៅប្រទេសចិន រយៈពេល៣ថ្ងៃ
14-07-2026 21:24
(ភ្នំពេញ)៖ ប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមអមដំណើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
បើតាមសមាគមឧកញ៉ាកម្ពុជា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចបវធិបតី ហ៊ុន ម៉ាណែត, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធាន និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ឱ្យដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា។
គណៈប្រតិភូនេះរួមមាន អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, ឧកញ៉ា កង លាប និងលោក ម៉ សុទ្ធីវឌ្ឍ ដើម្បីអមដំណើរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅសាធារណ រដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនេះគណៈប្រតិភូក៏នឹងចូលរួមពិធីបើកសន្និសីទស្ដីពីបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ (World Artificial Intelligence Conference 2026) ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងនោះដែរ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជានឹងសម្របសម្រួលដឹកនាំគណៈប្រតិភូវិនិយោគិនចិនចំនួន ៦ក្រុមហ៊ុន ជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញវិនិយោគនិងពាណិជ្ជកម្ម ព្រមទាំងស្វែងរក កាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកការវិនិយោគនៅកម្ពុជា។
ដំណើរចូលរួមរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជានាពេលនេះ ឆ្លុះបញ្ចាំងពីការបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទូតសេដ្ឋកិច្ចទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងពង្រឹងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ៕



