FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ សមរភូមិថ្មីនៅ Hormuz អាមេរិកទារថ្លៃការពារ អ៉ីរ៉ង់ទារថ្លៃឆ្លងកាត់

14-07-2026 21:17

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញខាងដឹកជញ្ជូន និងក្រុមហ៊ុនកប៉ាល់ដឹកទំនិញបាននិយាយថាថ្លៃការពារដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ទារពីកប៉ាល់ដឹកទំនិញធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz នឹងធ្វើឱ្យតម្លៃសេវាដឹកជញ្ជូនប្រេង និងទំនិញផ្សេងៗទៀត ឆ្លងកាត់តាមផ្លូវទឹកដ៏សំខាន់មួយនេះឡើងថ្លៃខ្ពស់កប់ពពក។ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ត្រាំ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយថានឹងយកថ្លៃសេវាការពារ ២០ភាគរយលើទំនិញទាំងអស់ដែលត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ជាការប៉ះប៉ូវលើការចំណាយរបស់សហរដ្ឋអាមេរិកទៅលើការផ្ដល់ការការពារយោធាសម្រាប់កប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយនេះ។

ក្រុមអ្នកវិភាគមួយចំនួនបាននិយាយថាពួកគេនៅតែមានសង្ស័យថាតើការយកថ្លៃការពារបែបនេះអាចនឹងត្រូវបានអនុវត្តជាក់ស្ដែងឬក៏យ៉ាងណានោះទេ? ម្យ៉ាងវិញទៀត​ អ្វីដែលប្រតិបត្តិករកប៉ាល់ដឹកទំនិញ ក្នុងតំបន់ កំពុងមានការព្រួយបារម្ភពិតប្រាកដ មិនមែនជាការទារថ្លៃសេវាការពារនោះទេ ផ្ទុយទៅវិញពួកគេបារម្ភយ៉ាងខ្លាំងពីការកើនឡើងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ក្នុងពេលប៉ុន្មានថ្ងៃមកនេះ។ តែទោះជាបែបនេះក្ដី ការពិតកន្លងមកដែលសហរដ្ឋអាមេរិកធ្លាប់តែជាប្រទេសគាំទ្រដល់ការធ្វើនាវាចរដោយសេរីនៅក្នុងដែនទឹកអន្តរជាតិនៅជុំវិញពិភពលោក បែរជាចេញមុខមកទាមទារថ្លៃការពារ ទើបជាការព្រួយបារម្ភពិតប្រាកដ។

លោក ដូណាល់ ត្រាំមិនបានពន្យល់លម្អិតថាតើការយកថ្លៃការពារ ២០ភាគរយនឹងត្រូវបានគណនាយ៉ាងដូចម្ដេចនោះទេ? ក៏ប៉ុន្តែ ប្រសិនបើការយកថ្លៃការពារនេះត្រូវអនុវត្តលើតម្លៃទំនិញនៅលើកប៉ាល់ ជាពិសេសគឺប្រេង នោះវាអាចនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើងទ្វេដង។ លោក Rico Luman ជាអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ម្នាក់ខាងដឹកជញ្ជូនមកពីក្រុមហ៊ុន ING Research បានឱ្យដឹងថាក្រុមហ៊ុនកប៉ាល់ដឹកប្រេងបានយកថ្លៃដឹកជញ្ជូនប្រេង ១០ដុល្លារក្នុងមួយបារ៉ែល ចេញពីតំបន់ឈូងសមុទ្រពែក្សឆ្ពោះទៅកាន់តំបន់អឺរ៉ុប។ ដូច្នេះដោយសារតែប្រេងឥលូវមានតម្លៃ លើស ៨០ដុល្លារ ក្នុងមួយបារ៉ែល ការយកថ្លៃការពាររបស់លោក ត្រាំ នឹងបន្ថែម ១៦ដុល្លារទៀតក្នុងមួយបារ៉ែលលើកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលនេះនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនប្រេង សរុបឡើងដល់ ២៦ដុល្លារក្នុងមួយបារ៉ែល។

បានន័យថាសម្រាប់កប៉ាល់ដឹកប្រេងខ្នាតយក្សដែលដឹកប្រេង ២លានបារ៉ែល នោះថ្លៃការពារដែលលោក ត្រាំចង់ទារនឹងហក់ឡើងដល់ ៣០លានដុល្លារ ហើយនេះខ្ពស់ជាងឆ្ងាយបើធៀបទៅនឹងថ្លៃសេវា ២លានដុល្លារដែលអ៉ីរ៉ង់ទារពីកប៉ាល់ដឹកទំនិញដើម្បីអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការណ៍នេះនឹងធ្វើឱ្យអ្នកនាំចូលប្រេងទំនងជានឹងដំឡើងតម្លៃប្រេង។ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បាន និងកំពុងប្រយុទ្ធគ្នាដើម្បីដណ្ដើមគ្រប់គ្រងច្រកសមុទ្រ Hormuz ជាទីដែល ១ភាគ៥នៃប្រេងរបស់ពិភពលោកត្រូវបានដឹកជញ្ជូនឆ្លងកាត់ មុនពេលសង្រ្គាមរវាងប្រទេសទាំង២ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ​។

យោធាអាមេរិកបានធ្វើយុទ្ធនាការជាសម្ងាត់ដើម្បីអមកប៉ាល់ដឹកទំនិញឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយធ្វើដំណើរតាមផ្លូវទឹកស្ថិតនៅក្បែរប្រទេសអូម៉ង់។ អ៉ីរ៉ង់បានប្រឆាំងជំទាស់ទៅនឹងប្រតិបត្តិការ របស់សហរដ្ឋអាមេរិក ដោយនិយាយថាអ៉ីរ៉ង់ត្រូវតែជាអ្នកចាត់ចែងការធ្វើចរាចររបស់កប៉ាល់ដឹកទំនិញក្នុងច្រកសមុទ្រ Hormuz។ ប៉ុន្មានថ្ងៃមកនេះ អ៉ីរ៉ង់បានវាយប្រហារជាបន្តបន្ទាប់លើកប៉ាល់ដឹកទំនិញ ដែលទំនងជាបានធ្វើដំណើរតាមផ្លូវទឹកនៅក្បែរអូម៉ង់ ជាហេតុជំរុញឱ្យសហរដ្ឋអាមេរិកសងសឹកដោយបើកការវាយប្រហារលើអ៉ីរ៉ង់។ កប៉ាល់ជាច្រើនគ្រឿងបានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ជាមួយការអនុញ្ញាតពីអ៉ីរ៉ង់ ដោយធ្វើដំណើរតាមផ្លូវទឹកស្ថិតនៅក្បែរឆ្នេរសមុទ្រអ៉ីរ៉ង់។ កាលពីថ្ងៃចន្ទ លោក ត្រាំបាននិយាយថារូបលោកបានបញ្ជាឱ្យយោធាអាមេរិកអនុវត្តការបិទខ្ទប់ឡើងវិញលើ កំពង់ផែអ៉ីរ៉ង់។

លោក Neil Crosby ជាប្រធានស្រាវជ្រាវប្រេងមកពី Sparta ដែលជាក្រុមហ៊ុនវិភាគទីផ្សារថាមពលមួយ បានកត់សម្គាល់ថាលោកមានការសង្ស័យថាតើការយកថ្លៃការពារនឹងត្រូវបានអនុវត្តជាក់ស្ដែង ឬក៏យ៉ាងណានោះទេ? ប៉ុន្តែប្រសិនបើពិតជាអនុវត្តមែន នោះវានឹងបង្ខំឱ្យប្រតិបត្តិករកប៉ាល់ដឹកទំនិញទាំងអស់ប្រឈមមុខនឹងជម្រើសដ៏លំបាក។ ពួកគេអាចនឹងត្រូវសម្រេចចិត្តថាតើពួកគេត្រូវបង់ថ្លៃការពារ ដ៏ខ្ពស់កប់ពពកឱ្យសហរដ្ឋអាមេរិក ឬត្រូវប្រឈមមុខនឹងការវាយប្រហារពីអ៉ីរ៉ង់ ឬក៏មិនរវល់នឹងសហរដ្ឋអាមេរិក ហើយសហការជាមួយអ៉ីរ៉ង់។ សម្រាប់លោក Neil Crosby នេះជាហេតុផលមួយដែល ក្រុមហ៊ុនជាម្ចាស់កប៉ាល់កាន់តែមិនស្រណុកចិត្តក្នុងការធ្វើប្រតិបត្តិការក្នុងតំបន់ ជាពិសេសក្នុងពេលដែលការវាយប្រហារកំពុងកើតឡើង។

ប្រតិបត្តិករកប៉ាល់២គ្រឿង បានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាការទារថ្លៃការពាររបស់លោក ត្រាំ មានតម្លៃថ្លៃខ្ពស់ហួសហេតុ ពោលគឺខ្ពស់ជាងការបង់ថ្លៃសេវា ដែលពួកគេបានបង់ចំពោះការដឹកទំនិញ ឆ្លងកាត់តាមច្រកសមុទ្រ Hormuz នាពេលកន្លងមក។ បើតាមលោកស្រី Vidya Mani ជាសាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ University of Virginia និងជាអ្នកជំនាញម្នាក់ស្ដីពីខ្សែច្រវាក់ផ្គង់ផ្គង់ ការទារថ្លៃការពារ ២០ភាគរយរបស់លោក ត្រាំ គឺជាការទាមទារថ្លៃសេវាខ្ពស់ពេក។ លោកស្រីបន្ថែមថាការបង់់សេវាដោយស្ម័គ្រចិត្ត ដើម្បីធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Malacca ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតិចជាង ០,៥ភាគរយប៉ុណ្ណោះនៃតម្លៃទំនិញ។ ខណៈលោក ត្រាំ ថានឹងទារថ្លៃការពារ អ៉ីរ៉ង់ត្រូវបានរាយការណ៍ថាបានទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងមួយកប៉ាល់ ២លានដុល្លារ តែវាមិនច្បាស់ថាតើមានកប៉ាល់ប៉ុន្មានគ្រឿងបានបង់ថ្លៃសេវាឆ្លងកាត់ឱ្យអ៉ីរ៉ង់ ឬក៏ថាតើអ៉ីរ៉ង់បានយកថ្លៃសេវាឆ្លងកាត់ប៉ុន្មានឱ្យប្រាកដនោះទេ? ជាការអត្ថាធិប្បាយលើការប្រកាសទារថ្លៃការពាររបស់លោក ត្រាំ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាការទារថ្លៃការពារ ២០ភាគរយ គឺវាថ្លៃហួសហេតុពេកហើយ។ តាមលោក Araghchi អ៉ីរ៉ង់នឹង យកថ្លៃសេវាយ៉ាងសមរម្យ។

ក្រុមមន្ត្រីអាមេរិកកន្លងមកបានប្រកាន់ជំហរប្រឆាំងជំទាស់ដាច់ខាត នៅពេលអ៉ីរ៉ង់ប្រកាសទារយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz ពីកប៉ាល់ដឹកទំនិញ ជាមួយការបញ្ជាក់ថាកប៉ាល់ដឹកទំនិញមិនត្រូវបាន តម្រូវឱ្យបង់ថ្លៃសេវាធ្វើដំណើរឆ្លង់កាត់ច្រកសមុទ្រនេះនោះឡើយ នៅមុនសង្រ្គាមផ្ទុះឡើង។ កាលពីចុងខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយជាសាធារណៈ ថាគ្មានប្រទេសណាមួយត្រូវបានអនុញ្ញាតឱ្យទារ ឬុយកថ្លៃសេវាក្នុងផ្លូវទឹកអន្តរជាតិនោះទេ ហើយនេះជាអ្វីដែលមានចែងស្រាប់ក្នុងច្បាប់អន្តរជាតិ៕