FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តកំពង់ធំ អំពាវនាវដល់យុវជនសូមពិនិត្យព័ត៌មាន​ឱ្យបានច្បាស់លាស់ មុននឹងចែកចាយបន្ត

14-07-2026 20:24

(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់យុវជនទាំងអស់ ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងចែកចាយព័ត៌មាន ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ដែលប្រារព្ធឡើងនៅវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រមាណជិត ២.០០០នាក់។

លោក អ៊ុន បុត្ត បានបន្តថា យុទ្ធនាការនេះមានគោលបំណងសំខាន់ៗ រួមមាន៖ លើកកម្ពស់អក្ខរកម្មព័ត៌មាន និងការផ្សព្វផ្សាយក្នុងចំណោមសិស្សានុសិស្ស ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ សុវត្ថិភាពឌីជីថល និងការប្រើប្រាស់ដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ក៏ជំរុញការគិតបែបស៊ីជម្រៅ និងផ្លាស់ប្តូរឥរិយាបទរបស់យុវជន ឲ្យអនុវត្តតាមគោលការណ៍ «គិតមុននឹងចែករំលែក»។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះក៏មានគោលដៅលើកកម្ពស់ការស្វែងយល់អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងពង្រឹងសមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយបោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ អ្វីដែលជាកម្លាំងចលករដ៏គួរឲ្យកត់សម្គាល់នោះគឺ ថាមពលរបស់យុវជន សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា បានដើរតួជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» យ៉ាងសកម្ម ដោយពួកគេមិនត្រឹមតែរៀនសូត្រពីរបៀបផ្ទៀងផ្ទាត់ព័ត៌មានសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបាននាំយកចំណេះដឹងទាំងនេះទៅចែករំលែកបន្តដល់ក្រុមគ្រួសារ និងមិត្តភក្តិនៅក្នុងសហគមន៍របស់ខ្លួនទៀតផង។

លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើយុវជនមានចំណេះដឹងលើអក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល នោះយុវជននឹងក្លាយជាភ្នាក់ងារសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងចូលរួមកសាងសង្គមឌីជីថលប្រកបដោយសុវត្ថិភាព សីលធម៌ និងការទទួលខុសត្រូវ៕