FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀន ៧០នាក់ នៅខេត្តកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

14-07-2026 20:21

(កណ្ដាល)៖ បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន ៧០នាក់ មកពីឃុំឈ្វាំង ស្រុកពញាឮ និងឃុំឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានប្រកាសផ្ដាច់ខ្លួនជាផ្លូវការពីគណបក្សប្រឆាំង និងបានគោរពស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ការសម្រេចចិត្តនេះធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមើលឃើញពីការយកចិត្តទុកដាក់ និងភាពកក់ក្ដៅពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្ត រួមជាមួយក្រុមការងារផ្សេងទៀត បានចុះជួបផ្ទាល់ជាមួយបងប្អូនទាំងនោះ។ ពួកគេបានបញ្ជាក់ថា នឹងបញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីបានពិចារណាឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំងពុំបានរួមចំណែកជួយដល់ជាតិឡើយ។

ក្រុមសកម្មជនទាំងនេះបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានលះបង់រំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបានខិតខំកសាងជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ពួកគេបានមើលឃើញថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង ព្រមទាំងជាបង្អែកដ៏រឹងមាំក្នុងការធានាសុខសន្តិភាព និងស្ថេរភាពសង្គម។

ជាមួយគ្នានេះ ក្រុមសកម្មជនទាំង ៧០នាក់ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ ឲ្យភ្ញាក់រលឹក និងចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងជាតិមាតុភូមិឲ្យកាន់តែរុងរឿង៕