FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិ៖ កម្ពុជា គឺជាគោលដៅទេសចរណ៍​ ដ៏មានសុវត្ថិភាពមួយ

14-07-2026 18:53

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិការងារ លោក ស្តេហ្វាន អានតុន ម៉េសសឺរើ (Stefan Anton Messerer) បានគូសរំលេចថា កម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព។

លោកឯកអគ្គរដ្ឋទូតចប់អាណត្តិការងារបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជួបជម្រាប​លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦​នេះ។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះ​ភាព​រីក​ចម្រើនជាលំដាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី អាល្លឺម៉ង់-កម្ពុជា។ លោក ក៏​បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការគាំ​ទ្រ​ដ៏កក់ក្តៅ ចំពោះរូបលោក ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។

បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ​បត្តិការដ៏ល្អ​លើ​វិស័យជាច្រេីន ជាពិសេសទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច​ នៃគណៈប្រតិភូនៃប្រទេសទាំងពីរ។ លោក​បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ និងកម្ពុជា គឺជាដៃគូ​ពិភាក្សាដ៏បើកចំហ និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ហើយទំនាក់ទំនងនៅតែបន្តពូន​ជ្រុំឱ្យកាន់តែរឹងមាំ។

លោកឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចដែរថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម, វិស័យក​សិ​កម្ម, កសិ-ឧស្សាហកម្ម,​​និងជាពិសេស វិស័យទេសចរណ៍ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងសកម្មភាព​ការ​ទូត​យ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការរួមចំណែកពង្រឹង និងពង្រីកចំណងមិត្តភាព​ និង​​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ក៏បានសម្តែងនូវ​សេច​ក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អលើវិស័យជាច្រើន​ ជាពិសេស​លើវិស័យអប់រំ និង​បណ្តុះបណ្តាល និងមានជំនឿថា កិច្ចសហប្រតិបត្តិការក្នុង​វិស័យទាំងនេះ​នឹងបន្តរីកចម្រេីន​ និងកាន់តែស្អិតរមួតបន្ថែមទៀត។

សម្តេចមហាបវរធិបតី ក៏បានឯកភាពថា កម្ពុជា និងអាល្លឺម៉ង់ នៅមានកាលានុវត្ត​ភាពជាច្រើន​ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងកិច្ចហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច តាមរយៈការ​បន្តលើក​កម្ពស់​ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន​ នៃប្រទេស​ទាំងពីរ​។

ពាក់ព័ន្ធ​​វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្ម, សម្តេចធិបតីបាន​គូសបញ្ជាក់ថា​ កម្ពុជា​-អាល្លឺ​ម៉ង់​ នៅមានសក្តានុពលជាច្រេីន ​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សម្តេច​មហា​បវរធិបតី ​បានជម្រាបលោក​ឯកអគ្គរដ្ឋទូត​ អំពីគោលនយោបាយ និងវិធានការ​គន្លឹះៗរបស់​រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការរីកចម្រើនលើវិស័យនេះ ជាពិសេសការជំរុញការកែច្នៃ​ផលិត​ផលកសិកម្មយុទ្ធសាស្ត្រ រួមមានគ្រាប់ស្វាយចន្ទី និងស្រូវ​ អង្ករ​ របស់កម្ពុជា ដើម្បីនាំ​ចេញទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងជំនួបនេះ សម្ដេចមហាបវរធិបតី ក៏បានជម្រាបឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗ​នៃស្ថាន​ការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់​កម្ពុជា​ក្នុង​ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរដែលមានស្រាប់។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយ​បញ្ហាព្រំដែន​ដោយសន្តិវិធី និងដោយអនុលោមទៅតាមច្បាប់អន្តរជាតិ៕