សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជំរឿនមន្ត្រី និងអំពាវនាវដល់មន្ត្រីរាជការឱ្យធ្វើជំរឿន
14-07-2026 18:33
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញធ្វើជំរឿនមន្ត្រីរាជការ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការឱ្យចូលរួមធ្វើជំរឿន។
អមដោយរូបមួយសន្លឹកបង្ហាញពីសកម្មភាពចូលរួមធ្វើជំរឿនមន្ត្រីមន្ត្រីរាជការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចបានអញ្ជើញធ្វើជំរឿនមន្ត្រី ដែលសម្តេចចាត់ទុកជាការបំពេញនូវកាតព្វកិច្ចដ៏សំខាន់ក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើជំរឿនមន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រី គឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈជាកម្មវិធីនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី។ ក្រៅពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីរាជការហើយ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ក៏ជាការរួមចំណែកកាត់បន្ថយដល់ការចំណាយថវិកាជាតិ។ បច្ចុប្បន្នគ្រប់ក្រសួង ស្ថាប័នរបស់រដ្ឋកំពុងនឹងធ្វើជំរឿនមន្ត្រីរាជការ៕
