សមាគមជនជាតិខ្មែររស់នៅជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍
14-07-2026 17:30
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយលោក មាស សុខឆាយ នាយកសាខាប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ ទេសចរណ៍ និងការតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីការជំរុញឱ្យប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន បន្តគាំទ្រការធ្វើដំណើរតាមអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ព្រមទាំងសហការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរជប៉ុន ឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន សំដៅរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាដៃគូឧបត្ថម្ភ (Official Sponsor Partnership) សម្រាប់កម្មវិធីពិព័រណ៍អាស៊ី – Asian Festival – Angkor Days 2026 in Tokyo ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ កិច្ចសហការនេះមានគោលបំណងរួមចំណែកផ្សព្វផ្សាយវប្បធម៌ អរិយធម៌ សក្តានុពលទេសចរណ៍ និងឱកាសវិនិយោគរបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។
កិច្ចសហការនេះ គឺជាជំហានដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជន សហគមន៍ខ្មែរនៅក្រៅប្រទេស និងដៃគូអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់កិត្តិយសជាតិ និងពង្រីកការផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ៕












