កងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ និងចែកអំណោយជូនយោធិនចូលនិវត្តន៍ ពិការ និងគ្រួសារយោធិនពលី
14-07-2026 17:18
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធាន មន្ទីរ អង្គភាព នាយ នាយរង ជំនួយការការិយាល័យ និងបានអញ្ជើញ យោធិន នៃកងរាជអាវុធហត្ថ ដែលបានចូលនិវត្តន៍ -ពិការ និងគ្រួសារយោធិនពលី មរណៈ ដែលជួបការលំបាក ជួបសំណេះសំណាល សួរសុខទុក្ខ ផងដែរ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនអង្គពិធីទាំងមូល។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភជូនដល់និវត្តន៍ជន និងគ្រួសារយោធិនពលី មរណៈ សរុបចំនួន ៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន ១បាវ ២៥គីឡូក្រាម, មីចំនួន ១កេសតូច, ទឹកក្រូច ចំនួន ១កេស, ទឹកបរិសុទ្ធ ចំនួន ១កេស ,ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ និងជូនថវិកា ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀលផងដែរ៕























