Fresh Exclusive: ថ្ងៃទី៣នៃសង្គ្រាមជុំទី៣៖ ហេតុអ្វីបានជាអ៉ីរ៉ង់នៅតែរក្សាសមត្ថភាពវាយតប ទោះរងការវាយប្រហារពីអាមេរិកជាបន្តបន្ទាប់? (Video inside)
14-07-2026 16:23
(ភ្នំពេញ)៖ សង្គ្រាមថ្ងៃទី៣ ក្នុងជុំទី៣ រវាងអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញថា ទោះរងការវាយប្រហារយ៉ាងខ្លាំងពីកងកម្លាំងអាមេរិកក៏ដោយ អ៊ីរ៉ង់នៅតែរក្សាសមត្ថភាពវាយតបគួរឱ្យកត់សម្គាល់។ ស្របពេលអាមេរិកបន្តវាយប្រហារលើគោលដៅយោធាជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ ក្រុងតេហេរ៉ង់ បានបាញ់មីស៊ីល និងដ្រូនឆ្លើយតបទៅលើគោលដៅនៃទីតាំងរបស់កងកម្លាំងអាមេរិក រួមទាំងមូលដ្ឋាន (ចាហ្វែ័រ) Juffair នៅបារ៉ែន ដែលជាទីតាំងរបស់កងនាវាទី៥អាមេរិក ព្រមទាំងគោលដៅមួយចំនួនទៀតនៅក្នុងតំបន់ឈូងសមុទ្រពែក្ស។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ប្រសិនបើវាស់ត្រឹមទំហំកម្លាំង និងបច្ចេកវិទ្យាយោធា អាមេរិកនៅតែជាមហាអំណាចយោធាកំពូលមួយរបស់ពិភពលោក។ ប៉ុន្តែបើពិនិត្យមើលព្រឹត្តិការណ៍ក្នុងរយៈពេលបីថ្ងៃដំបូងនៃសង្គ្រាមជុំទី៣រវាងអាមេរិក និងអ៊ីរ៉ង់ គេសង្កេតឃើញថា ទោះកងកម្លាំងអាមេរិកបន្តវាយប្រហារលើគោលដៅយោធាជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ក៏ដោយ ក្រុងតេហេរ៉ង់នៅតែអាចបើកការវាយតបលើគោលដៅជាច្រើនក្នុងតំបន់ ក្នុងពេលប្រហាក់ប្រហែលគ្នា។
នៅពេលអាមេរិកប្រើកងទ័ពអាកាសវាយប្រហារលើទីតាំងការពារឆ្នេរសមុទ្រ ទីតាំងមីស៊ីល ដ្រូន និងសមត្ថភាពនាវាចរណ៍របស់អ៊ីរ៉ង់ ក្រុងតេហេរ៉ង់ បានឆ្លើយតបដោយប្រើមីស៊ីល និងដ្រូនវាយប្រហារលើគោលដៅ ដែលខ្លួនអះអាងថា ពាក់ព័ន្ធនឹងកងកម្លាំងអាមេរិកនៅបារ៉ែន និងគុយវ៉ែត។ អ៊ីរ៉ង់ ក៏បានវាយប្រហារនាវាដឹកប្រេងរបស់អារ៉ាប់រួមនៅច្រកសមុទ្រ Hormuz ខណៈ ប្រទេសហ្ស៊កដានី បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលចំនួនបួន ដែលត្រូវបានបាញ់ចេញពីអ៊ីរ៉ង់។
ការវាយតបពហុទិសដៅនេះ បានបង្កើតសំណួរសំខាន់មួយ៖ ប្រសិនបើអាមេរិកធ្លាប់អះអាងថា ខ្លួនបានវាយបំបាក់ និងកាត់បន្ថយសមត្ថភាពយោធារបស់អ៊ីរ៉ង់រួចហើយនោះ ហេតុអ្វីបានជាក្រុងតេហេរ៉ង់ នៅតែអាចរក្សាសមត្ថភាពប្រតិបត្តិការ ទប់ទល់ និងវាយតបចំពោះមហាអំណាចយោធាកំពូលរបស់ពិភពលោកបាន?
ចម្លើយប្រហែលមិនស្ថិតនៅលើការប្រៀបធៀបថា អ៊ីរ៉ង់មានកម្លាំងយោធាស្មើនឹងអាមេរិកនោះទេ។ ផ្ទុយទៅវិញ វាស្ថិតនៅលើសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការរក្សាទុកប្រព័ន្ធមីស៊ីល និងដ្រូនដែលបែកខ្ចាត់ខ្ចាយ ការរៀបចំបណ្តាញបញ្ជាការ ដែលអាចបន្តដំណើរការក្រោមការវាយប្រហារ និងយុទ្ធសាស្ត្រវាយតបពហុទិសដៅ ដើម្បីធ្វើឱ្យថ្លៃដើមនៃសង្គ្រាមកើនឡើងសម្រាប់អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់
*សមត្ថភាពអ៊ីរ៉ង់ក្នុងការវាយតបពហុទិសដៅ
ក្នុងប្រតិបត្តិការយោធារយៈពេលប្រាំម៉ោង អាមេរិកបានវាយប្រហារគោលដៅនៅ Bushehr, Bandar Abbas, Jask, Konarak, Chah Bahar និងកោះ Abu Musa។ បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បញ្ជាក់ថា គោលដៅនៃប្រតិបត្តិការនេះ គឺប្រព័ន្ធការពារឆ្នេរសមុទ្រ ទីតាំងមីស៊ីលនិងដ្រូន ព្រមទាំងសមត្ថភាពនាវារបស់អ៊ីរ៉ង់ ដែលអាចប្រើសម្រាប់គំរាមកំហែងនាវាពាណិជ្ជកម្ម។
ប៉ុន្តែស្របពេលប្រតិបត្តិការរបស់អាមេរិកកំពុងបន្ត ការឆ្លើយតបពីអ៊ីរ៉ង់ មិនបានផ្តោតលើគោលដៅតែមួយ ឬប្រទេសតែមួយឡើយ។ ក្រុងតេហេរ៉ង់បានប្រើមីស៊ីល និងដ្រូនឆ្ពោះទៅកាន់ទីតាំងដែលខ្លួនអះអាងថា ជាទ្រព្យសម្បត្តិយោធាអាមេរិកនៅបារ៉ែន និងគុយវ៉ែត។ នៅ ក្នុងប្រទេសបារ៉ែន កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អះអាងថា បានវាយលើមូលដ្ឋាន Juffair ដែលជាទីតាំងរបស់កងនាវាទី៥អាមេរិក ខណៈនៅគុយវ៉ែតនោះវិញ អ៊ីរ៉ង់អះអាងថា បានកំណត់គោលដៅលើប្រព័ន្ធទំនាក់ទំនង ឃ្លាំងប្រេង ប្រព័ន្ធការពារដែនអាកាស Patriot និងឃ្លាំងគ្រាប់រំសេវ។
វិសាលភាពនៃការឆ្លើយតប បានលាតសន្ធឹងទៅដល់ផ្លូវសមុទ្រផងដែរ។ ប្រទេស អារ៉ាប់ អេមីរ៉ាត់ បានបញ្ជាក់ថា នាវាដឹកប្រេង al-Bahiya និង Mombasa ត្រូវបានវាយប្រហារនៅក្នុងដែនទឹកអូម៉ង់ បណ្តាលឱ្យនាវិកឥណ្ឌាម្នាក់ស្លាប់ និងមនុស្សប្រាំបីនាក់ទៀតរងរបួស។ ចំណែក ប្រទេសហ្ស៊កដានី បានប្រកាសដេរថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលបួនគ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់ និងបានឆ្លងចូលដែនអាកាសរបស់ខ្លួន។
អង្គហេតុទាំងនេះ បង្ហាញពីលក្ខណៈពិសេសមួយនៃយុទ្ធសាស្ត្រអ៊ីរ៉ង់៖ ក្រុងតេហេរ៉ង់មិនព្យាយាមឆ្លើយតបអាមេរិកដោយការប្រឈមមុខនៅលើសមរភូមិតែមួយទេ ប៉ុន្តែព្យាយាមបំបែកសម្ពាធរបស់ខ្លួន ទៅលើបណ្តាញយោធា ផ្លូវអាកាស និងផ្លូវសមុទ្រជាច្រើនកន្លែងក្នុងពេលប្រហាក់ប្រហែលគ្នា។ វិធីសាស្ត្រនេះ អាចមិនផ្លាស់ប្តូរសមតុល្យអំណាចយោធារវាងភាគីទាំងពីរក៏ពិតមែន ប៉ុន្តែវាបង្ខំឱ្យអាមេរិក និងសម្ព័ន្ធមិត្តត្រូវការពារគោលដៅជាច្រើននៅលើផ្ទៃភូមិសាស្ត្រដ៏ធំទូលាយ និងត្រូវចំណាយធនធានកាន់តែច្រើនដើម្បីទប់ស្កាត់ការវាយប្រហារ។
*ហេតុអ្វីបានជាអ៊ីរ៉ង់នៅតែរក្សាសមត្ថភាពប្រតិបត្តិការបាន?
ភស្តុតាងនៅថ្ងៃទី៣នៃសង្គ្រាម បង្ហាញថា ការវាយប្រហាររបស់អាមេរិកមិនបានផ្តោតលើរោងចក្រនុយក្លេអ៊ែរតែប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកទៅកាន់ប្រព័ន្ធការពារឆ្នេរសមុទ្រ ទីតាំងមីស៊ីល ដ្រូន និងសមត្ថភាពនាវាចរណ៍របស់អ៊ីរ៉ង់។ ការធ្វើសកម្មភាពយោធានេះបង្ហាញថា វ៉ាស៊ីនតោន កំពុងព្យាយាមកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការបន្តប្រតិបត្តិការយោធា ជាជាងគ្រាន់តែវាយប្រហារលើគោលដៅនិមិត្តសញ្ញា។
ប៉ុន្តែការវាយតបដែលនៅតែបន្តកើតមាន ក៏បង្ហាញដែរថា ប្រព័ន្ធប្រតិបត្តិការរបស់អ៊ីរ៉ង់មិនទាន់ត្រូវបានបំផ្លាញទាំងស្រុងនៅឡើយ។ មិនថាជាការបញ្ជាការ ប្រព័ន្ធបាញ់មីស៊ីល ឬសមត្ថភាពប្រើដ្រូននោះទេ អ៊ីរ៉ង់នៅតែអាចសម្របសម្រួលការវាយតបនៅលើគោលដៅច្រើនក្នុងតំបន់។
អ្នកវិភាគយោធាជាច្រើន បានលើកឡើងជាយូរមកហើយថា អ៊ីរ៉ង់បានអភិវឌ្ឍយុទ្ធសាស្ត្រការពារដែលផ្អែកលើការបែកខ្ចាត់ខ្ចាយទីតាំងយោធា ការផ្ទុកអាវុធនៅទីតាំងជាច្រើន និងការកាត់បន្ថយការពឹងផ្អែកលើមជ្ឈមណ្ឌលបញ្ជាការតែមួយ។ ប្រសិនបើការវាយតម្លៃនេះនៅតែត្រឹមត្រូវ វាអាចពន្យល់បានថា ហេតុអ្វីបានជាការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ មិនទាន់អាចបញ្ឈប់សមត្ថភាពវាយតបរបស់អ៊ីរ៉ង់បានទាំងស្រុង។
និយាយម្យ៉ាងទៀត អ្វីដែលអាមេរិកកំពុងប្រឈមមុខ មិនមែនគ្រាន់តែជាប្រព័ន្ធអាវុធរបស់អ៊ីរ៉ង់ទេ ប៉ុន្តែជារចនាសម្ព័ន្ធយោធាមួយ ដែលត្រូវបានរៀបចំឡើងឱ្យអាចបន្តដំណើរការ សូម្បីតែស្ថិតក្រោមការវាយប្រហារជាបន្តបន្ទាប់។
*ហេតុអ្វីបានជាអ៊ីរ៉ង់ ត្រូវបន្តវាយតប?
បើមើលតាមទស្សនៈយោធា ការវាយតបរបស់អ៊ីរ៉ង់ មិនមែនគ្រាន់តែជាការសងសឹកប៉ុណ្ណោះទេ។ វាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររារាំង Deterrence ផងដែរ។
ក្នុងទ្រឹស្តីសន្តិសុខ ការរារាំងមិនមានន័យថា ត្រូវតែឈ្នះសង្គ្រាមនោះទេ ប៉ុន្តែមានន័យថា ត្រូវបង្ហាញឱ្យភាគីម្ខាងទៀតដឹងថា រាល់ការវាយប្រហារ នឹងត្រូវបង់ថ្លៃដើមខ្ពស់។ ក្នុងរយៈពេលបីថ្ងៃកន្លងមក អ៊ីរ៉ង់បានព្យាយាមបង្ហាញថា ទោះរងការវាយប្រហារក៏ដោយ ខ្លួននៅតែអាចបង្កើតហានិភ័យដល់មូលដ្ឋានអាមេរិក ផ្លូវនាវាចរណ៍ និងសន្តិសុខរបស់សម្ព័ន្ធមិត្តអាមេរិកនៅជុំវិញឈូងសមុទ្រពែក្ស។
យុទ្ធសាស្ត្រនេះក៏មានគោលបំណងនយោបាយផងដែរ។ ប្រសិនបើអ៊ីរ៉ង់មិនឆ្លើយតប នោះវាអាចត្រូវបានបកស្រាយថា សមត្ថភាពរារាំងរបស់ខ្លួនបានបរាជ័យ។ ផ្ទុយទៅវិញ ការបន្តវាយតប ទោះក្នុងកម្រិតកំណត់ក៏ដោយ អាចជួយរក្សាភាពជឿជាក់ថា អ៊ីរ៉ង់នៅតែមានសមត្ថភាពការពារអធិបតេយ្យភាព និងបន្តបង្កើនថ្លៃដើមសម្រាប់ភាគីម្ខាងទៀត។
ដូច្នេះ គោលដៅរបស់អ៊ីរ៉ង់ ប្រហែលមិនមែនដើម្បីយកឈ្នះអាមេរិកដោយកម្លាំងយោធានោះទេ ប៉ុន្តែដើម្បីធ្វើឱ្យការបន្តសង្គ្រាម កាន់តែមានតម្លៃថ្លៃ និងហានិភ័យខ្ពស់សម្រាប់ភាគីទាំងអស់។
*តើសង្គ្រាមនេះមានដែនកំណត់ដែរឬទេ?
បើទោះបីការវាយប្រហារកំពុងកើនឡើងក៏ដោយ ភាគីទាំងពីរសុទ្ធតែមានដែនកំណត់ដែលមិនអាចមើលរំលងបាន។ សម្រាប់អាមេរិក ការបន្តប្រតិបត្តិការយោធារយៈពេលវែង នឹងត្រូវចំណាយធនធានយោធា និងថវិកាកាន់តែច្រើន ព្រមទាំងប្រឈមនឹងសម្ពាធនយោបាយក្នុងស្រុក និងការព្រួយបារម្ភពីសម្ព័ន្ធមិត្ត។ ទន្ទឹមនឹងនោះ ការបន្តអស្ថិរភាពនៅ Strait of Hormuz បានជំរុញឱ្យតម្លៃប្រេងពិភពលោកកើនឡើងវិញ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
សម្រាប់អ៊ីរ៉ង់ ការបន្តទប់ទល់ក៏មានដែនកំណត់ដូចគ្នា។ ការបាត់បង់ហេដ្ឋារចនាសម្ព័ន្ធយោធា សម្ពាធសេដ្ឋកិច្ច និងការប្រើប្រាស់មីស៊ីល និងដ្រូនជាបន្តបន្ទាប់ សុទ្ធតែអាចធ្វើឱ្យសមត្ថភាពប្រតិបត្តិការរបស់ខ្លួនថយចុះ ប្រសិនបើសង្គ្រាមអូសបន្លាយ។
ហេតុនេះហើយ ទិសដៅនៃសង្គ្រាម អាចមិនត្រូវបានកំណត់ដោយសំណួរថា «អ្នកណាខ្លាំងជាង?» នោះទេ ប៉ុន្តែដោយសំណួរថា «អ្នកណាអាចទ្រាំទ្រសង្គ្រាមបានយូរជាង និងរក្សាសមត្ថភាពប្រតិបត្តិការបានយូរជាង?»។ ប្រសិនបើថ្លៃដើមនៃសង្គ្រាមបន្តកើនឡើងសម្រាប់ភាគីទាំងពីរ នោះការវិលត្រឡប់ទៅរកការចរចា អាចនឹងក្លាយជាជម្រើសដែលមានភាពប្រាកដនិយមជាងការបន្តពង្រីកជម្លោះ។
*សេចក្តីសន្និដ្ឋាន
រយៈពេលបីថ្ងៃដំបូងនៃសង្គ្រាមជុំទី៣ បានបង្ហាញការពិតពីរយ៉ាងក្នុងពេលតែមួយ។ អាមេរិកនៅតែរក្សាឧត្តមភាពក្នុងការវាយប្រហារតាមអាកាស និងសមត្ថភាពបំផ្លាញគោលដៅយោធារបស់អ៊ីរ៉ង់។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់ ក៏នៅតែបង្ហាញថា ខ្លួនមិនទាន់បាត់បង់សមត្ថភាពក្នុងការវាយតប និងបង្កសម្ពាធលើមូលដ្ឋានអាមេរិក សម្ព័ន្ធមិត្ត និងសន្តិសុខនាវាចរណ៍ក្នុងតំបន់នៅឡើយ។
នេះមានន័យថា សង្គ្រាមកំពុងឈានចូលដំណាក់កាល ដែលជ័យជម្នះមិនត្រូវបានវាស់ត្រឹមចំនួនគោលដៅដែលត្រូវបានបំផ្លាញទេ ប៉ុន្តែត្រូវបានវាស់តាមសមត្ថភាពរបស់ភាគីនីមួយៗក្នុងការរក្សាប្រតិបត្តិការយោធា ទ្រាំទ្រថ្លៃដើមនៃសង្គ្រាម និងបន្តបង្កើតសម្ពាធលើគូប្រជែង។
ប្រសិនបើនិន្នាការនេះនៅតែបន្ត សង្គ្រាមអាចប្រែក្លាយទៅជាការប្រកួតអូសបន្លាយ ដែលការស៊ូទ្រាំ អាចមានសារៈសំខាន់មិនចាញ់កម្លាំងអាវុធឡើយ។ នៅទីបញ្ចប់ អ្នកដែលមានយន្តហោះចម្បាំងច្រើនជាង ឬមីស៊ីលទំនើបជាង ប្រហែលមិនមែនជាអ្នកកំណត់លទ្ធផលតែម្នាក់ឯងឡើយ។ ផ្ទុយទៅវិញ លទ្ធផល នឹងអាចសម្រេចដោយភាគីណា ដែលអាចរក្សាសមត្ថភាពប្រតិបត្តិការ គ្រប់គ្រងថ្លៃដើមនៃសង្គ្រាម និងបង្ខំឱ្យគូប្រជែងយល់ថា ការបន្តប្រយុទ្ធនឹងលែងមានតម្លៃជាងការវិលត្រឡប់ទៅរកតុចរចាវិញនោះទេ៕







