FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកទេសចរ និងពលរដ្ឋ ចុងក្រោយដែលជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារ ត្រូវជម្លៀស និងចុះមកដល់ជើងភ្នំ ដោយសុវត្ថិភាពអស់ហើយ (Video inside)

14-07-2026 16:11

(កំពង់ស្ពឺ)៖ អ្នកទេសចរ និងពលរដ្ឋ ចំនួន៣នាក់ចុងក្រោយ ដែលបានជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំ ដល់ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយសុវត្ថិភាពទាំងអស់ហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ និងជួយសង្គ្រោះយ៉ាងសកម្មពីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។

គិតត្រឹមម៉ោង ២៖៥នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ទឹកជំន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនៅតំបន់ភ្នំខ្នងផ្សារ បានស្រកអស់ច្រើន។ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន និងឆ្លងម៉ូតូបានជាធម្មតា ដោយសាររយៈពេលនេះ ពុំមានភ្លៀងទៀតទេក្នុងតំបន់នោះ។

អ្នកទេសចរចំនួន ៣នាក់ ចុងក្រោយ ដែលបានជាប់គាំងលើភ្នំរយៈពេល២ថ្ងៃកន្លងមកនេះ ត្រូវបានមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ បានសម្រួលចុះមកក្រោមវិញប្រកបដោយសុវត្ថិភាព។ ដោយឡែកមធ្យោបាយធ្វើដំណើរ មានរថយន្តចំនួន ៤គ្រឿង ដែលស្ថិតក្នុងជើងភ្នំ មិនអាចបញ្ជូនមកដល់ភូមិនៅឡើយ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានកើតឡើងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ និងបានប៉ះពាល់ទេសចរចំនួន ៥៥១នាក់ បានជាប់គាំងមិនអាចចុះពីលើភ្នំបាន ដោយសារទឹកហូរធ្លាក់ខ្លាំង។

ប៉ុន្តែជាបន្តបន្ទាប់ចាប់ពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ពេលនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ត្រីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ចុះអន្តរាគមន៍នាំយកទេសចរទាំងអស់ មកកាន់ទីតាំងសុវត្ថិភាព និងផ្តល់ការស្នាក់នៅបណ្ដោះអាសន្ននៅ «តំបន់លំហែបៃតងដំណាក់ដំរី» ដោយរៀបចំស្បៀងអាហារ និងកន្លែងស្នាក់នៅជូន រហូតដល់ស្ថានភាពអំណោយផល ទើបបន្តមកកាន់ភូមិតាំងបំពង់។

រហូតមកទល់ពេលនេះទេសចរ និងប្រជាពលរដ្ឋនៃសហគមន៍មូលដ្ឋាន ត្រូវបានជួយសង្គោះនិងសម្រួលចុះពីលើភ្នំខ្នងផ្សារ និងមកដល់ទីទួលសុវត្ថិភាពអស់់ហើយ។ ក្រសួងបរិស្ថានបន្តតាមដាននិងរចូលរួមសហការ ជាមួយអ្នកពាក់ព័ន្ធ ជាពិសេសភ្ញៀវទេសចរទាំងអស់ ដើម្បីធានាសុវត្តិភាពសម្រាប់ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ព្រៃភ្នំក្នុងរដូវវស្សានេះ៕