មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ សំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភដល់យោធិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ
14-07-2026 14:55
(តាកែវ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ យោធិនពិការ និងបានចុះសួរសុខទុក្ខដល់យោធិននៃកងរាជអាវុធហត្ថមានជម្ងឺ និងវីរៈកងរាជអាវុធហត្ថ ដែលកំពុងឈរជើងនៅសមរភូមិមុខ មកសម្រាកព្យាបាលនៅភូមិសាស្រ្តខេត្តតាកែវ។
ពិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦)។
ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកនាយ នាយរង ជំនួយការការិយាល័យទាំងអស់ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ គោលដៅ លោកមេបញ្ជាការកងអនុសេនាធំចល័ត និងយោធិនសោធននិវត្តន៍ យោធិនពិការ ជាច្រើនរូបផងដែរ។
លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការលះបង់របស់យោធិនទាំងអស់ ដែលបានបម្រើជាតិ និងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងឱកាសនោះ លោកបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ជូនយោធិនសោធននិវត្តន៍ យោធិនពិការ យោធិនមានជម្ងឺ និងវីរៈកងរាជអាវុធហត្ថ។
ថវិកាសរុបមានចំនួន ១៧.៤៤០.០០០រៀល ក្នុងនោះថវិការបស់លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត ចំនួន ១០.១០០.០០០រៀល និងថវិកាមូលនិធិមនុស្សធម៌កងរាជអាវុធហត្ថខេត្តចំនួន ៧.៣៤០.០០០រៀល។ ក្រៅពីនេះ ក៏មានអង្ករ ៥៥០ គ.ក ទឹកបរិសុទ្ធ ៣៨កេស ទឹកក្រូច ៣៣ កេស ទឹកប៉ូការីស្វេត ៥ កេស និងមី ២៥ កេសផងដែរ។ ការឧបត្ថម្ភនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាពរបស់យោធិន ដែលជាកម្លាំងស្នូលក្នុងការការពារជាតិមាតុភូមិ៕










































